(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃចន្ទ ទី៧ ខែកក្កដា បាននិយាយថា ការវាយប្រហាររបស់រុស្ស៉ីមកលើអ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៤នាក់ និងបង្កឱ្យរបួសជាង៣០នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងចំណោមអ្នកស្លាប់ គឺ២នាក់នៅតំបន់ Sumy ភាគខាងកើត និងម្នាក់នៅតំបន់ Odesa ភាគខាងត្បូង ខណៈម្នាក់ទៀតនៅតំបន់ Kherson ភាគខាងត្បូងប្រទេស។ រីឯក្នុងចំណោមមនុស្សជាង៣០នាក់ ដែលបានទទួលរងរបួស គឺភាគច្រើននៅតំបន់ Kharkiv និង Dnipropetrovsk ភាគខាងកើត។ ដ្រូនរបស់រុស្ស៉ី ក៏បានវាយប្រហារលើរដ្ឋធានីកៀវផងដែរ ដោយបានបង្កការខូចខាតចំពោះអគារ ប៉ុន្តែមិនបានបណ្តាលឱ្យមានមនុស្សបាត់បង់ជីវិតទេ។
ដោយឡែកនៅប្រទេសរុស្ស៉ីឯណោះវិញ ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន៩១គ្រឿង កាលពីវេលាយប់កន្លងទៅ ក្នុងនោះរួមមាន៨គ្រឿងនៅតំបន់មូស្គូ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៉ីបានបើកការវាយប្រហារដោយដ្រូននិងមីស៉ីលដ៏ធំបំផុតលើអ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយបាញ់បញ្ជូនយន្តហោះដ្រូន៥៣០គ្រឿង និងមីស៉ីលជាង១០គ្រាប់ ហើយជាលទ្ធផលបានបណ្តាលឱ្យ មនុស្សយ៉ាងហោច២នាក់ស្លាប់ នៅទីក្រុងកៀវ៕