(បាងកក)៖ វិស័យទេសចរណ៍នៃប្រទេសថៃ កំពុងប្រឈមមុខជាមួយនឹងការថយចុះយ៉ាងគំហុកនៃចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ដោយតួលេខបានធ្លាក់ចុះរហូតដល់៣៤ភាគរយ សម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥។
ការធ្លាក់ចុះខាងលើនៃតួលេខភ្ញៀវទេសចរចិន បានបង្ខំឱ្យអាជ្ញាធរក៏ដូចជាប្រតិបត្តិករទេសចរណ៍ថៃ កែសម្រួលការព្យាកររបស់ពួកគេ ហើយបង្កើនកិច្ចប្រឹងប្រែងទាក់ទាញ់ភ្ញៀវទេសចរ ចំពោះមុខបរិស្ថានសកលដ៏លំបាកមួយ។ ស្ថិតិសម្រាប់ឆមាសទី១នៃឆ្នាំ២០២៥ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិសរុបទាំងអស់ចំនួនជិត១៦.៧លាននាក់ បានមកទស្សនាប្រទេសថៃ ដែលជាការថយចុះអត្រា ៤.៦៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកដ៏ធំមួយក្នុងការថយចុះនេះ គឺទីផ្សារមកពីចិន ដែលមានអ្នកមកទស្សនាប្រទេសថៃត្រឹមជាង ២.២៦លាននាក់ ជាអត្រាធ្លាក់ចុះរហូតដល់ទៅ៣៤.១៣ភាគរយ។ ប្រការនេះបានរុញឱ្យចិនធ្លាក់ពីចំណាត់ថ្នាក់កំពូល ក្នុងនាមជាប្រទេសមានចំនួនទេសចរច្រើនជាងគេ ដែលធ្វើដំណើរមកថៃ។ សមាគមភ្នាក់ងារទេសចរណ៍ថៃ ATTA បានប៉ាន់ប្រមាណថា ពេញមួយឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរចិន ដែលមកទស្សនាប្រទេសថៃ នឹងទំនងជាមានចំនួនត្រឹមខ្ទង់៥លាននាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា មានមូលហេតុចម្បងមួយចំនួន ដែលនាំឱ្យជនជាតិចិនលែងសូវមកទស្សនាប្រទេសថៃ ដោយក្នុងនោះកត្តាដ៏ចម្បងមួយ គឺកត្តាសុវត្ថិភាព។ កាលពីដើមឆ្នាំនេះ តារាសម្តែងចិនមួយរូប ត្រូវបានជួយសង្រ្គោះពីសំបុកប្រតិបត្តិការឆបោកអនឡាញនៅមីយ៉ាន់ម៉ា បន្ទាប់ពីត្រូវគេបញ្ឆោតឱ្យទៅកាន់ប្រទេសថៃ។ ចំណែកនៅដើមខែកក្កដានេះ ម៉ូដែលជនជាតិចិនម្នាក់ ដែលបាត់ខ្លួននៅប្រទេសថៃ តាំងពីខែមិថុនា ក៏ទើបតែត្រូវបានជួយសង្រ្គោះចេញពីមីយ៉ាន់ម៉ាផងដែរ។ ការស្ទង់មតិចុងក្រោយមួយ ដោយក្រុមហ៊ុនទីផ្សារទេសចរណ៍ Dragon Trail International កាលពីប៉ុន្មានខែមុន បានបង្ហាញថា ប្រជាជនចិនជាង៥០ភាគរយ យល់ឃើញថា ថៃជាប្រទេសមួយដែលមិនមានសុវត្ថិភាព៕