(ខឺវីល)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅភាគកណ្តាលរដ្ឋតិចសាស់ បានកើនឡើងដល់យ៉ាងតិច ៧៨នាក់ ដែលក្នុងនោះមានកុមារ ២៨នាក់ ខណៈដែលក្រុមជួយសង្គ្រោះបានបន្តប្រតិបត្តិការស្វែងរកមនុស្សរាប់សិបនាក់ដែលនៅបាត់ខ្លួនកាលពីថ្ងៃចន្ទ ដោយប្រឈមមុខនឹងការគំរាមកំហែងពីភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

ទីក្រុង Kerrville គឺជារងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ចំនួន ៦៨នាក់។ ក្នុងចំណោមនោះ មានសោកនាដកម្មដ៏ធំមួយបានកើតឡើងនៅជំរំរដូវក្តៅ Camp Mystic ជាកន្លែងដែលកុមារបោះជំរំ និងអ្នកប្រឹក្សាចំនួន ២៧នាក់ បានស្លាប់នៅពេលដែលទន្លេ Guadalupe បានហក់ឡើងយ៉ាងគំហុកកាលពីថ្ងៃសុក្រ។

ប្រតិបត្តិការស្វែងរកអ្នកនៅរស់រានមានជីវិតបានឈានចូលដល់ថ្ងៃទីបួនហើយ ប៉ុន្តែត្រូវបានរំខានដោយការព្យាករណ៍អាកាសធាតុ។ សេវាកម្មអាកាសធាតុជាតិបានព្រមានថា ភ្លៀងធ្លាក់ខ្លាំង និងព្យុះផ្គររន្ទះ អាចបន្តបង្កជាទឹកជំនន់បន្ថែមទៀត នៅលើតំបន់ដែលដីបានតិត្ថិភាពដោយទឹករួចហើយ។

គួរបញ្ជាក់ថា អាជ្ញាធរបានព្យាករណ៍ថា ចំនួនអ្នកស្លាប់ទំនងជានឹងបន្តកើនឡើងទៀត នៅពេលដែលក្រុមជួយសង្គ្រោះអាចចូលទៅដល់តំបន់ជាច្រើនទៀត ដែលនៅតែស្ថិតនៅក្រោមទឹក ឬត្រូវបានកាត់ផ្តាច់៕