(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី៧ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធបន្ថែមទៅឱ្យអ៊ុយក្រែន ដើម្បីជួយប្រទេសមួយនេះការពារខ្លួនឯង ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក បានបញ្ជាក់ថាអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងដំណំពីរុស្ស៉ី ហើយត្រូវការជាចាំបាច់នូវសមត្ថភាពការពារខ្លួនឯង។ ដូច្នេះសហរដ្ឋអាមេរិក នឹងបញ្ជូនអាវុធការពារខ្លួនជាចម្បងទៅឱ្យអ៊ុយក្រែន។ លោក ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាអ៊ុយក្រែនត្រូវការប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដើម្បីការពារខ្លួន ប៉ុន្តែ លោកមិនបានលើកឡើងជាថ្មីពីប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះកាលពីថ្ងៃចន្ទនោះទេ។

គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍កាលពីពេលថ្មីៗនេះថាសហរដ្ឋអាមេរិកបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យអ៊ុយក្រែន។ លោក ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានពិភាក្សាគ្នាតាមទូរស័ព្ទដែរកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយមេដឹកនាំទាំង២បានជជែកគ្នាពីការបង្កើនសមត្ថភាពការពារដែនអាកាសរបស់ អ៊ុយក្រែន នៅចំពោះមុខការបង្កើនការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់រុស្ស៉ី។ អ៊ុយក្រែនបានទទូចសុំឱ្យទីក្រុងវ៉ាស៊ីនតោន ផ្ដល់ប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ដែលទីក្រុងកៀវមើលឃើញ ថាជាប្រព័ន្ធអាវុធដ៏ចាំចាច់ដើម្បីការពារខ្លួនពីការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី៕