(ប៉េកាំង)៖ ចំណាត់ការរឹតបន្តឹងរបស់ចិនលើការនាំចេញរ៉ែកម្រ បានធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តពិភពលោកមួយផ្នែក ត្រូវជាប់គាំង ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងព្យាយាមនាំយកបញ្ហានេះទៅកាន់តុចរចា ខណៈក្រុមហ៊ុនក្នុងស្រុករបស់ចិន កំពុងតស៊ូដំណើរការជាមួយនិងកំណើនសេដ្ឋកិច្ចយឺតយាវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ ២០២៥។
ទីក្រុងប៉េកាំង បានផ្អាកការនាំចេញរ៉ែកម្រ នៅក្នុងខែមេសា ដើម្បីសងសឹកទៅនឹងការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក ជាហេតុធ្វើឱ្យការផលិត និងការលក់របស់ក្រុមហ៊ុនចិន នៅឯក្រៅប្រទេសធ្លាក់ចុះ ខណៈប្រឈមមុខនឹងពេលវេលាដ៏លំបាកនៃទីផ្សាររថយន្តអគ្គិសនី។
ការនាំចេញសមាសធាតុម៉ាញេទិកធ្លាក់ចុះ ៧៥ភាគរយ ក្នុងរយៈពេលពីរខែ ក្រោយចំណាត់ការរឹតបន្តឹងចូលជាធរមាន និងបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តពិភពលោកជាច្រើន ត្រូវផ្អាកផលិតកម្មមួយផ្នែក។ ការផ្អាកនេះក៏បានបណ្តាលឱ្យមានវិបត្តិ សម្រាប់អ្នកផលិតធាតុម៉ាញេទិកក្នុងស្រុកមួយចំនួន រង្គោះរង្គើរដល់ដំណើរការក្នុងទីក្រុង Baotou នៃតំបន់ម៉ុងហ្គោលីខាងក្នុង ដែលជាមជ្ឈមណ្ឌលរ៉ែកម្រមួយរបស់ប្រទេសចិន កាលពីខែឧសភា។
ក្រុមហ៊ុនផលិតម៉ាញេទិកចំនួនពីរ បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រាក់ចំណូលរបស់ពួកគេ អាចនឹងធ្លាក់ចុះនៅឆ្នាំនេះ។ ប្រភពមួយផ្សេងទៀតបានឱ្យដឹងថា អ្នកផលិតខ្នាតតូច និងមធ្យម បានកាត់បន្ថយផលិតកម្ម ប្រហែល ១៥ភាគរយនៅក្នុងខែមេសា និងឧសភា។ ដោយឡែកក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Nvidia ដែលជាអ្នកផលិតម៉ាញេទិកឱ្យចិន គឺជាជនរងគ្រោះផ្ទាល់ពីការផ្អាកនេះ៕