(តិចសាស់)៖ កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា តួលេខអ្នកស្លាប់ដោយសារគ្រោះមហន្តរាយទឹកជំនន់ នៅរដ្ឋ Texas នៃសហរដ្ឋអាមេរិក បានបន្តកើនលើស១០០នាក់ហើយ ស្របពេលដែលក្រុមអ្នកជួយសង្រ្គោះ ខិតខំបន្តស្វែងរកមនុស្សដែលត្រូវបានទឹកជន់ហូរនាំយកទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ករណីអ្នកបាត់បង់ជីវិតសរុបយ៉ាងហោច១០៤ករណី ដែលពាក់ព័ន្ធជាមួយទឹកជំនន់ ត្រូវបានរាយការណ៍នៅពាសពេញភាគកណ្តាល រដ្ឋ Texas។ តំបន់ Kerr County ដែលទន្លេ Guadalupe ហូរកាត់ គឺជាកន្លែងដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្សយ៉ាងតិច៨៤នាក់ស្លាប់ ក្នុងនោះ២៨នាក់ជាក្មេងៗ។
កាលពីថ្ងៃចន្ទ អភិបាលរដ្ឋ Texas លោក Greg Abbott បាននិយាយថា គិតត្រឹមពេលនេះ គឺនៅមានការគំរាមកំហែងនៃភ្លៀងធ្លាក់ខ្លាំង ដែលមានលទ្ធភាពបង្កជាគ្រោះទឹកជំនន់ ហើយរូបលោករំពឹងថា តួលេខជនរងគ្រោះអាចនឹងបន្តកើនថែមទៀត។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងបំពេញទស្សនកិច្ចមកកាន់រដ្ឋ Texas នាថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិនិត្យមើលតំបន់រងគ្រោះដោយផ្ទាល់។
គួរបញ្ជាក់ថា បើតាមអ្នកវិទ្យាសាស្រ្ត ការប្រែប្រួលអាកាសធាតុដែលជំរុញដោយសកម្មភាពមនុស្ស បានធ្វើឱ្យបាតុភូអាកាសធាតុអាក្រក់ៗ ដូចជាទឹកជំនន់ គ្រោះរាំងស្ងួត និងរលកកម្តៅ កើតមានឡើងកាន់តែញឹកញាប់និងធ្ងន់ធ្ងរទៅៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕