(ប៉េកាំង)៖ នាថ្ងៃអង្គារ ទី៨ ខែកក្កដា ព្យុះត្រូពិក Danas បាននិងកំពុងសំដៅឆ្ពោះមករកតំបន់ភាគខាងកើតប្រទេសចិន ខណៈខេត្ត Zhejiang ត្រៀមខ្លួនសម្រាប់ការបោកបក់មកដល់របស់វា បន្ទាប់ពីព្យុះនេះបានវាយប្រហារកាត់កោះតៃវ៉ាន់ ជាមួយកម្លាំងខ្យល់បក់និងភ្លៀងធ្លាក់ដ៏ខ្លាំង ដោយបន្សល់ទុកឱ្យមនុស្សយ៉ាងហោច២នាក់ស្លាប់ និងជាង៦០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយមានកម្លាំងខ្យល់បក់ប្រមាណ៨០គីឡូម៉ែត្រក្នុងមួយម៉ោង នៅចំណុចកណ្តាលរបស់វា ព្យុះត្រូពិក Danas ត្រូវបានព្យាករថា នឹងងាកមួយទំហឹងទៅខាងឆ្វេង ស្របពេលដែលវាធ្វើដំណើរឆ្ពោះទៅរកទិសពាយព្យកាត់សមុទ្រចិនខាងត្បូង មុនពេលនៅទីបំផុត វាយប្រហារលើទីក្រុងកំពង់ផែ Taizhou របស់ខេត្ត Zhejiang ដែលប្រការនេះបានជំរុញឱ្យអាជ្ញាធរដែនសមុទ្រក្នុងតំបន់ សម្រេចផ្អាកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងលុបចោលការធ្វើដំណើរតាមផ្លូវទឹកជាង១០០ជើង។
គួរបញ្ជាក់ថា អាជ្ញាធរក្នុងខេត្ត Zhejiang នៅថ្ងៃអង្គារនេះ បានចេញសេចក្តីព្រមានអំពីគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ខណៈខាងឧតុនិយមរំពឹងថា ទឹកភ្លៀងកម្រិតចន្លោះចាប់ពី១០០ ទៅ២៥០មីលីម៉ែត្រ នឹងធ្លាក់លើតំបន់លាតសន្ធឹងខ្ទង់៦៥០គីឡូម៉ែត្រ ចាប់ពីទីក្រុង Fuzhou រដ្ឋធានីរបស់ខេត្ត Fujian ដែលនៅក្បែរគ្នា ដល់ទីក្រុង Hangzhou ដែលជារដ្ឋធានីរបស់ខេត្ត Zhejiang។ ក្រោយបោកបក់កាត់ខេត្ត Zhejiang ព្យុះ Danas ត្រូវបានរំពឹងថា នឹងបន្តដំណើររបស់វា ចូលទៅដល់ខេត្ត Jiangxi ថែមទៀត៕