(កដ្ឋមណ្ឌូ)៖ ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឱ្យជន់លិចជ្រលងភ្នំមួយនៅតំបន់ហិម៉ាឡៃ រវាងប្រទេសចិន និងនេប៉ាល់ នៅថ្ងៃអង្គារ ទី៨ ខែកក្កដានេះ ដោយយ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង ២៨នាក់បាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទឹកជំនន់ក៏បានហូរកួចយកស្ពានដ៏សំខាន់មួយ ដែលតភ្ជាប់នេប៉ាល់ និងចិន ឆ្លងទន្លេ Bhotekoshi ផងដែរ។ តាមអាជ្ញាធរគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់នេប៉ាល់ នៅក្នុងប្រទេសនេប៉ាល់ មនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត មានជនជាតិនេប៉ាល់ ១១នាក់ និងចិន ៦នាក់កំពុងបាត់ខ្លួន។ ចំណែកទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ការរអិលបាក់ដីបានវាយប្រហារតំបន់ព្រំដែន នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ បណ្តាលឱ្យមនុស្ស ១១នាក់បានបាត់ខ្លួន នៅខាងភាគីចិន។
គួរបញ្ជាក់ថា ទឹកជំនន់ និងការរអិលបាក់ដីសម្លាប់មនុស្ស គឺជារឿងកើតមានញឹកញាប់នៅទូទាំងអាស៉ីខាងត្បូង ក្នុងរដូវខ្យល់មូសុង ចាប់ពីខែមិថុនា ដល់ខែកញ្ញា ប៉ុន្តែអ្នកជំនាញនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យគ្រោះមហន្តរាយ កាន់តែអាក្រក់ទៅៗ៕