(បាងកក)៖ នៅថ្ងៃអង្គារ ទី៨ ខែកក្កដា គណៈរដ្ឋមន្រ្តីនៃប្រទេសថៃ បានសម្រេចបោះបង់ចោលជាផ្លូវការ នូវសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅអនុញ្ញាតឱ្យកាស៉ីណូបើកដំណើរការដោយស្របច្បាប់ បន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរតំណែងកាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីព្រាងច្បាប់ខាងលើ គឺជាផែនការដ៏ចម្បងបំផុតមួយសម្រាប់គណបក្ស Pheu Thai ដែលបានអះអាងថា វានឹងជួយជំរុញ​សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះឱ្យមានសន្ទុះឡើងវិញ តាមរយៈការធ្វើឱ្យថៃក្លាយជាមជ្ឈមណ្ឌលល្បែងកាស៉ីណូធំមួយប្រចាំនៅក្នុងតំបន់។ យ៉ាងណាមិញ ទោះបច្ចុប្បន្នគណបក្ស Pheu Thai នៅកាន់កាប់សំឡេងភាគច្រើនក្នុងសភាក៏ដោយ ប៉ុន្តែបានបាត់អាសនៈមួយចំនួនធំ ក្រោយត្រូវបានបោះបង់ដោយបក្សជាដៃគូចម្រុះ ជុំវិញរឿងអាស្រូវដែលបាននាំឱ្យលោកស្រី Paetongtarn ឈានដល់ថ្នាក់ត្រូវព្យួរតំណែង។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Huangsab បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា គណៈរដ្ឋមន្រ្តីថៃបានសម្រេចទម្លាក់ចោល សេចក្តីព្រាងច្បាប់កាស៉ីណូនេះ ដោយសារតែវាត្រូវការការសិក្សាបន្តទៀត ដែលទាមទារបន្ថែមនូវការយល់ដឹងនិងបរិបទសង្គម។ អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Julapun Amornvivat ក៏បាននិយាយដែរថា រដ្ឋាភិបាលទទួលស្គាល់ថា នេះមិនទាន់ជាពេលវេលាសមស្របមួយឡើយ ហើយគួរឱ្យស្តាយ ព្រោះវាជាការបាត់បង់ឱកាសមួយ សម្រាប់ប្រទេសជាតិ។

មេដឹកនាំគណបក្ស Pheu Thai លោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញនៃប្រទេសថៃ សម្រេចព្យួរតំណែងជានាយករដ្ឋមន្រ្តី កាលពីសប្តាហ៍កន្លងទៅ ដើម្បីរង់ចាំលទ្ធផលស៉ើបអង្កេតក្រមសីលធម៌ជុំវិញឥរិយាបថរបស់លោកស្រី អំឡុងកិច្ចសន្ទនាដែលត្រូវបានបែកធ្លាយសំឡេង ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនរវាងប្រទេសទាំងពីរ។ លោកស្រី អាចនឹងត្រូវតុលាការសម្រេចប្រគល់តំណែងឱ្យវិញ ឬមួយក៏ដកតំណែងជាផ្លូវការតែម្តង។

គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្រ្តីមហាផ្ទៃ លោក Phumtham Wechayachai កំពុងកាន់តួនាទីបណ្តោះអាសន្ន ជានាយករដ្ឋមន្រ្តីស្តីទី រហូតទាល់តែការស៉ើបអង្កេតរបស់តុលាការបិទបញ្ចប់ ដែលជាដំណើរការមួយ អាចប្រើពេលត្រឹមប៉ុន្មានសប្តាហ៍ ឬឈានដល់ប៉ុន្មានខែ។ លោកស្រី Paetongtarn បានរៀបចំការរុះរើគណៈរដ្ឋមន្រ្តី មុនពេលត្រូវបានព្យួរតំណែង ហេតុដូច្នេះ លោកស្រីនៅរក្សាតួនាទីមួយទៀតក្នុងគណៈរដ្ឋមន្រ្តី គឺជារដ្ឋមន្រ្តីវប្បធម៌៕