(បាងកក)៖ ស្រ្តីម្នាក់មានអាយុ ៣៩ឆ្នាំ ដែលជាទីប្រឹក្សានៃអនុគណៈកម្មធិការមួយរបស់ព្រឹទ្ធសភាថៃ បានធ្វើដំណើរទៅកាន់រដ្ឋសភា នៅថ្ងៃអង្គារ ទី៨ ខែកក្កដា និងបានចោទប្រកាន់ សមាជិកព្រឹទ្ធសភាម្នាក់ថាបានបៀតបៀនផ្លូវភេទលើរូបនាង ក្រោយអ្នកទាំង២បានហូបអាហារពេលល្ងាចជាមួយគ្នាកាលពីខែឧសភាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post។

ស្ត្រីមានឈ្មោះថា Natthasinee Pinyopiyavid បានប្រាប់រឿងរ៉ាវខាងលើទៅកាន់អ្នកសារព័ត៌មាន នៅឯរដ្ឋសភាថៃ នៅថ្ងៃអង្គារនេះ។ ប៉ុន្តែឈ្មោះរបស់សមាជិកព្រឹទ្ធសភាដែល រងការចោទប្រកាន់មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយទេ។

កាលពីថ្ងៃទី៥ ខែឧសភា ស្ត្រីឈ្មោះ Natthasinee បានផ្ញើសារជូនពរខួបកំណើតទៅកាន់សមាជិកព្រឹទ្ធសភារូបនោះដែលបានឆ្លើយតបទៅវិញតាមរយៈការអញ្ជើញរូបនាង ចេញក្រៅ ហូបអាហារជាមួយគ្នា។ រូបនាងក៏ព្រមទទួលយកការអញ្ជើញ។ សមាជិកព្រឹទ្ធសភាបានយករូបនាងដល់ផ្ទះ ហើយអ្នកទាំង២បានទៅញុំាបង្អែមនៅហាងមួយកន្លែងស្ថិតនៅតាមបណ្ដោយ ផ្លូវ Banthad Thong ក្នុងទីក្រុង Bangkok។ អ្នកទាំង២មិនបានផឹកស្រានោះទេ។ ស្ត្រីឈ្មោះ Natthasinee បានឱ្យដឹងទៀតថារូបនាងជាចេញលុយ ហើយនៅតាមផ្លូវត្រឡប់ទៅផ្ទះវិញ សមាជិកព្រឹទ្ធសភាដដែលបានសុំឱ្យរូបនាងចាប់ផ្ដើមទំនាក់ទំនងឡើងវិញ។

ប៉ុន្តែរូបនាងបានបដិសេធ ដោយនិយាយថាចង់រាប់អានគ្នាត្រឹមតែជាមិត្តប៉ុណ្ណោះ។ ក្រោយមក បុរសជាសមាជិកព្រឹទ្ធសភាបានសន្ទុះចាប់ដៃរូបនាង ហើយនាងបានព្យាយាមចុះពីរថយន្ដ តែសមាជិកព្រឹទ្ធសភារូបនេះបានចាប់ដៃនាងជាប់ ព្រមទាំងព្យាយាមនាំនាងទៅកានខុនដូររបស់ខ្លួន។ នៅតាមផ្លូវ Natthasinee បានព្យាយាមចេញពីរថយន្ដ បុរសរូបនេះបានចាប់ដៃ នាងជាប់ និងចាក់សោរទ្វាររថយន្ដទៀតផង។

ស្ត្រីឈ្មោះ Natthasinee បានអះអាងថារូបនាងធ្វើដំណើរទៅកាន់រដ្ឋសភាដើម្បីដាក់ពាក្យបណ្ដឹងខាងក្រមសីលធម៌ប្រឆាំងនឹងសមាជិកព្រឹទ្ធសភារូបនោះ។ រូបនាងក៏បានដាក់ពាក្យបណ្ដឹង ទៅកាន់ប៉ូលិសរួចហើយដែរកាលពីថ្ងៃទី៨ ខែឧសភា។ មេធាវីរបស់ស្ត្រីរងគ្រោះវិញ បាននិយាយថាពាក្យបណ្ដឹងកូនក្ដីរបស់ខ្លួនមានបញ្ជាក់លម្អិតពីការចោទប្រកាន់ និងឈ្មោះរបស់ សមាជិកព្រឹទ្ធសភារូបនេះ។ មេធាវីបន្តថាកូនក្ដីរបស់ខ្លួនបានរងការប៉ះង្គិចផ្លូវចិត្ត ក្រោយរងការបៀតបៀន និងកំពុងទទួលការព្យាបាល៕