(ប៉េកាំង)៖ ចិន នៅថ្ងៃអង្គារ ទី៨ ខែកក្កដា បានព្រមានរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឆាំងនឹងការបង្កើនភាពតានតឹងពាណិជ្ជកម្មតាមរយៈការចាប់ផ្ដើមឡើងវិញនូវការអនុវត្ត ពន្ធគយបដិការលើមុខទំនិញរបស់ខ្លួននៅខែសីហាខាងមុខ ហើយគំរាមចាត់វិធានការសងសឹកប្រឆាំងនឹងប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់ផ្ដាច់ចិនចេញពីខ្សែច្រវាក់ផ្គត់ផ្គង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានឯកភាពគ្នាលើកិច្ចព្រមព្រៀងគោលមួយកាលពីខែមិថុនាថានឹងស្ដារឡើងវិញនូវបទឈប់បាញ់ដ៏ផុយស្រួយនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ប៉ុន្តែមិនមានព័ត៌មានលម្អិតនោះទេដែលធ្វើឱ្យក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលថាភាពធូរសា្រលនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំង២ គ្រាន់តែបណ្ដោះអាសន្ន ឬក៏យូរអង្វែង។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូនដំណឹងពីអត្រាពន្ធគយបដិការទៅកាន់ប្រទេសចំនួន១៤ ជាមួយការពន្យារពេលការចូលជាធរមាន រហូតដល់ថ្ងៃទី១ ខែសីហា។ ចិនវិញមានពេលរហូតដល់ថ្ងៃទី១២ ខែសីហា ដើម្បីស្វែងរកកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីបញ្ចៀសការដំឡើងពន្ធពីលោក ត្រាំ និងការវិលត្រឡប់ទៅរកការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមកដូចកាលពីខែមេសា និងខែឧសភាកន្លងទៅ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយវៀតណាម ដោយក្នុងនោះរដ្ឋបាលលោក ត្រាំ បានយល់ព្រម បញ្ចុះពន្ធបដិការលើវៀតណាមពី៤៦ មកនៅត្រឹម ២០ភាគរយ។ តែទំនិញណាដែលត្រូវបានរកឃើញថាជាទំនិញរបស់ប្រទេសដទៃ ជាពិសេសគឺចិនត្រូវបាននាំចេញ ឬឆ្លងកាត់តាមវៀតណាមទៅកាន់អាមេរិក នឹងត្រូវជាប់ពន្ធ៤០ភាគរយ។

កាសែតរដ្ឋចិន People's Daily បាននិយាយថាចិនប្រឆាំងដាច់ខាតទៅនឹងរាល់ភាគីណាដែលចុះកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យខាតដល់ផលប្រយោជន៍របស់ចិនជាថ្នូរទៅនឹង ការទទួលបានសម្បទាន។ ដូច្នេះចិននឹងចាត់វិធានការសងសឹកយ៉ាងម៉ឺងម៉ាត់ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕