(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៉ី នៅក្នុងសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយ ប្រជាជាតិអាស៊ាន នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់តំបន់អាស៊ី ក្នុងនាមជាប្រមុខការទូតអាមេរិក នៅក្រោមស្រមោលនៃពន្ធគយបដិការរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ លើបណ្ដាប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

តាមក្រសួងការបរទេសអាមេរិក លោក Marco Rubio នឹងផ្ដើមធ្វើទស្សនកិច្ចមកកាន់តំបន់អាស៊ី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ក្នុងគោលដៅបញ្ជាក់ឡើងវិញពី ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះកើតមានឡើងចំពេលលោក ត្រាំ បានប្រកាសពីការយកពន្ធគយបដិការ ២៥ភាគរយចាប់ពីថ្ងៃទី១ ខែសីហាតទៅលើជប៉ុន និងកូរ៉េខាងត្បូងដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើនឡើង ឥទ្ធិពលចិន។

លោក ត្រាំក៏បានប្រកាសផងដែរពីការយកពន្ធបដិការលើម៉ាឡេស៊ី និងប្រទេស៥ផ្សេងជាសមាជិកអាស៊ាន មុនពេលលោក Rubio នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំជាមួយ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងគូឡាឡាំពួ។ ម៉ាឡេស៊ីត្រូវប្រឈមនឹងពន្ធ ២៥ភាគរយ ឡាវ និងមីយ៉ាន់ម៉ា ៤០ភាគរយ រីឯកម្ពុជា និងថៃ ប្រឈមនឹងពន្ធ ៣៦ភាគរយ ហើយឥណ្ឌូណេស៊ី ៣២ភាគរយ។

គួរបញ្ជាក់ថា លោក Rubio ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសជាដៃគូ និងសម្ព័ន្ធមិត្តក្នុងតំបន់។ ប៉ុន្តែពន្ធបដិការ របស់លោក ត្រាំ ទំនងជានឹងធ្វើឱ្យកិច្ចការរបស់លោក Rubio ជួបការលំបាក៕