(គូឡាឡាំពួ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេរិក បានឱ្យដឹងថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងជួបរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov នាឱកាសដែលប្រមុខការទូតទាំង២ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងគូឡាឡំាពួ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។
នេះនឹងក្លាយជាជំនួបទល់មុខជាលើកទី២ រវាងលោក Rubio និងលោក Lavrov ដែលកើតឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការខកចិត្តរឹតតែខ្លាំងចំពោះប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈរុស្ស៉ីនៅតែបន្តបង្កើនការវាយប្រហារលើអ៊ុយក្រែន។
ជំនួបដំបូងរវាងប្រមុខការទូតទាំង២ បានធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែកុម្ភៈកន្លងទៅ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាល លោក ត្រាំ ដើម្បីបង្កើតទំនាក់ទំនងទ្វេភាគីឡើងវិញ និងជួយដល់កិច្ចចរចាបិទបញ្ចប់សង្រ្គាម។ លោក ត្រាំ ដែលបានត្រឡប់មកកាន់អំណាចជាថ្មី សម្រាប់អាណត្តិទី២ ជាមួយការសន្យាបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនឱ្យបានឆាប់រហ័ស បានប្រកាន់យកជំហរទន់ភ្លន់ចំពោះទីក្រុងមូស្គូ ផ្ទុយពី អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង។
ប៉ុន្តែកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ ពោលមួយថ្ងៃបន្ទាប់ពីលោក ត្រាំ អនុម័តការបញ្ជូនអាវុធឡើងវិញទៅឱ្យអ៊ុយក្រែន ប្រធានាធិបតីអាមេរិករូបនេះបានរិះគនធ្ងន់លើលោក ពូទីន ដោយនិយាយថាសេចក្ដីថ្លែងការណ៍របស់មេដឹកនាំរុស្ស៉ីលើការឆ្ពោះទៅរកសន្តិភាព គឺគ្មានន័យអ្វីទាំងអស់។ យ៉ាងណាក៏ដោយ នៅពេលត្រូវបានសាកសួរអំពីការរិះគន់របស់លោក ត្រាំ ចំពោះលោក ពូទីន វិមានក្រឹមឡាំងបានឆ្លើយថា ទីក្រុងមូស្គូនឹងបន្តព្យាយាមជួសជុលទំនាក់ទំនងដែលបានបាក់បែកជាមួយសហរដ្ឋអាមេរិកឡើងវិញ។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីជាលើកដំបូងចាប់តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស លោក Rubio កំពុងស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលម៉ាឡេស៊ី៕