(វ៉ាស៉ីនតោន)៖ ពន្ធគយ ៥០ភាគរយដែលរដ្ឋបាល លោក ដូណាល់ ត្រាំ បានដាក់ចេញលើការនាំចូលរបស់ប្រេស៉ីល កំពុងអង្រួនទីផ្សារកាហ្វេពិភពលោក ហើយអាចធ្វើឱ្យតម្លៃកាហ្វេនៅអាមេរិក ហក់ឡើងលើសពីកម្រិតខ្ពស់នាពេលថ្មីៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ ២០២៥។
ប្រេស៉ីល គឺជាអ្នកដាំ និងនាំចេញកាហ្វេច្រើនជាងគេបំផុតរបស់ពិភពលោក ខណៈអាមេរិកជាអតិថិជនដ៏ធំបំផុត និងជាអ្នកនិយមផឹកកាហ្វេច្រើនជាងគេបំផុតរបស់ពិភពលោក ដោយក្នុងមួយថ្ងៃមានប្រជាជនអាមេរិកជិត ២០០លាននាក់ ផឹកកាហ្វេមួយកែវ។
តាមប្រភពពីអ្នកជួញដូរកាហ្វេ កាតព្វកិច្ចពន្ធថ្មីដែលប្រសិនបើចូលជាធរមាននៅថ្ងៃទី១ ខែសីហាមែននោះ វានឹងអាចបញ្ឈប់ការនាំចេញកាហ្វេប្រេស៉ីលទៅកាន់សហរដ្ឋអាមេរិក ដែលជាអ្នកនាំចូលផលិតផលកាហ្វេជាង ៨.១៦លានគីឡូក្រាម នៅក្នុងឆ្នាំ ២០២៤ ឬស្មើនឹង ៣៣ភាគរយនៃការប្រើប្រាស់សរុបនៅទូទាំងសហរដ្ឋអាមេរិក។
ក្រុមហ៊ុននាំចូលកាហ្វេ MJ Nugent & Co មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានឱ្យដឹងថា ប្រេស៉ីលនឹងលក់កាហ្វេរបស់ខ្លួន ទៅកន្លែងផ្សេង ហើយសហរដ្ឋអាមេរិកនឹងត្រូវស្វែងរកទិញកាហ្វេពីប្រភពផ្សេង ប៉ុន្តែមិនមែនតាមបរិមាណ ឬតម្លៃដូចទិញពីប្រេស៉ីលនោះទេ។ ដូច្នេះប្រភពផ្គត់ផ្គង់កាហ្វេផ្សេង នឹងមានតម្លៃថ្លៃជាងប្រេស៉ីល ដោយសារតែមិនមានច្រើននៅលើទីផ្សារ៕