(កូឡាឡាំពួរ)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោកស្រី កាយ៉ា កាឡាស (Kaja Kallas) បានថ្លែងថា EU កំពុងស្វែងរកមធ្យោបាយដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យកែលម្អស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៥។

ការថ្លែងនេះធ្វើឡើង ខណៈដែលរដ្ឋសមាជិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញអ្វីដែលពួកគេមើលឃើញថាជាការរំលោភសិទ្ធិមនុស្ស។ ផ្នែកការទូតរបស់ EU បានបង្ហាញជម្រើស ១០ចំណុច សម្រាប់ជាចំណាត់ការនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ ជម្រើសទាំងនោះរួមមានវិធានការធំៗ ដូចជាការផ្អាកកិច្ចព្រមព្រៀងសមាគម EU-អ៊ីស្រាអែល ដែលរួមមានទំនាក់ទំនងពាណិជ្ជកម្ម រហូតដល់វិធានការស្រាលជាងនេះ ដូចជាការផ្អាកគម្រោងបច្ចេកទេសជាដើម។

លោកស្រី កាឡាស បានបញ្ជាក់ថា គោលបំណងរបស់ EU មិនមែនដើម្បីដាក់ទណ្ឌកម្មអ៊ីស្រាអែលនោះទេ ប៉ុន្តែគឺដើម្បីកែលម្អស្ថានការណ៍ជាក់ស្តែងនៅហ្គាហ្សា ព្រោះស្ថានភាពមនុស្សធម៌នៅទីនោះមិនអាចបន្តទៅមុខបានទៀតទេ។

គួរបញ្ជាក់ថា បណ្តាប្រទេសសមាជិក EU បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនជនស៊ីវិលស្លាប់ និងរបួស ការផ្លាស់ទីលំនៅរបស់ប្រជាជន និងការរឹតបន្តឹងជំនួយមនុស្សធម៌នៅក្នុងសង្គ្រាមដែលអូសបន្លាយ ២១ខែមកនេះ។ ស្របពេលជាមួយគ្នានេះ លោកស្រី កាឡាស ក៏បានលើកឡើងពីកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសពន្ធនាំចូលខ្ពស់ដែលគំរាមដោយលោក ត្រាំ ដោយលោកស្រីបានសង្កត់ធ្ងន់ថា EU មិនចង់មានសង្គ្រាមពាណិជ្ជកម្មនោះទេ៕