(កៀវ)៖ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា អាជ្ញាធរទីក្រុងកៀវបានឱ្យដឹងថា រដ្ឋធានីរបស់អ៊ុយក្រែន នឹងបែងចែកថវិកាចំនួន ៦.២លានដុល្លារអាមេរិក សម្រាប់កម្មវិធីស្ទាក់យន្តហោះដ្រូន ដើម្បីការពារដែនអាកាសរបស់ទីក្រុងនេះ ពីការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប៉ុន្មានសប្តាហ៍មកនេះ រុស្ស៉ីបានបង្កើនសកម្មភាពវាយប្រហាររបស់ខ្លួនមកលើទីក្រុងកៀវ ដោយបញ្ជូនដ្រូននិងមីស៉ីលម្តងៗរាប់រយ ក្នុងការវាយលុកតាមផ្លូវអាកាស ដែលមានរយៈពេលជាច្រើនម៉ោង ហើយបានបង្កការខូចខាតនៅតាមសង្កាត់ភាគច្រើនរបស់ទីក្រុង។ ចំពោះមុខការកើនឡើងនៃការវាយប្រហាររបស់រុស្ស៉ី អ៊ុយក្រែនបានបន្តអំពាវនាវយ៉ាងទទូចឱ្យសម្ព័ន្ធមិត្ត ជួយពង្រឹងការការពារដែនអាកាសរបស់ខ្លួន។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានរាយការណ៍ផងដែរ អំពីការប្រើប្រាស់ដោយជោគជ័យ នូវយន្តហោះដ្រូនប្រភេទសម្រាប់ស្ទាក់ចាប់ ដើម្បីទប់ទល់ការវាយប្រហារក្នុងទ្រង់ទ្រាយធំៗរបស់រុស្ស៉ី ហើយលោកបាននិយាយថា ការងារកំពុងបន្តប្រព្រឹត្តទៅដើម្បីពង្រីកបច្ចេកវិទ្យានេះ។ អំឡុងសន្និសីទស្តីពីអ៊ុយក្រែនក្នុងសប្តាហ៍នេះ លោក ហ្សេលេនស្គី បានលើកឡើងអំពីការវិនិយោគ លើមធ្យោបាយការពារអាកាសតាមប្រភេទនេះ ក្នុងជំនួបជាមួយដៃគូហូឡង់ អាល្លឺម៉ង់ និងអាមេរិក៕