(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១១ ខែកក្កដា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជាលើកដំបូង ប្រឆាំងប្រធានាធិបតីនៃប្រទេសគុយបា គឺលោក Miguel Diaz-Canel សម្រាប់តួនាទីរបស់លោក នៅក្នុងអ្វីដែលទីក្រុងវ៉ាស៉ីនតោនចោទប្រកាន់ថា ជាអំពើឃោរឃៅនៃរបបដឹកនាំគុយបាចំពោះប្រជាជនគុយបា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសារមួយបង្ហោះលើបណ្តាញសង្គម X នាឱកាសខួប៤ឆ្នាំ នៃព្រឹត្តិការណ៍បាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលនៅប្រទេសគុយបា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ក្រសួងការបរទេសអាមេរិក សម្រេចចេញបម្រាមរឹតត្បិតទិដ្ឋាការ សម្រាប់ប្រធានាធិបតីនិងក្រុមមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលគុយបា។ មន្រ្តីគុយបាដែលរងទណ្ឌកម្ម រួមមានទាំងរដ្ឋមន្រ្តីការពារជាតិ លោក Alvaro Lopez Miera និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Lazaro Alberto Alvarez Casas។ រដ្ឋមន្រ្តីការបរទេសគុយបា លោក Bruno Rodriguez បានចេញមុខថ្កោលទោសចំណាត់ការរបស់ទីក្រុងវ៉ាស៉ីនតោន។
មនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួន អំឡុងការផ្ទុះបាតុកម្មកាលពីខែកក្កដា ឆ្នាំ២០២១ ដែលជាសកម្មភាពតវ៉ាធំបំផុត គិតចាប់តាំងពីបដិវត្តន៍គុយបា កាលពីទសវត្សរ៍ឆ្នាំ១៩៥០។ បាតុកម្មនោះបានបណ្តាលឱ្យមានមនុស្សយ៉ាងហោចម្នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំនេះ មេដឹកនាំក្រុមប្រឆាំង Patriotic Union of Cuba (UNPACU) លោក José Daniel Ferrer បានស្ថិតក្នុងចំណោមអ្នកទោសជាង៥៥០នាក់ ដែលត្រូវបានដោះលែងឱ្យមានសេរីភាព ក្រោយអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមលុបឈ្មោះគុយបាចេញពី បញ្ជីខ្មៅនៃក្រុមប្រទេសគាំទ្រអំពើភេរវកម្ម។ ក៏ប៉ុន្តែមកដល់ចុងខែមេសា លោក Ferrer ត្រូវបានចាប់ខ្លួនសាជាថ្មី ជាហេតុនាំឱ្យមានការរិះគន់ពីទីក្រុងវ៉ាស៉ីនតោន ដែលបានបញ្ចូលគុយបាទៅក្នុងបញ្ជីខ្មៅវិញ បន្ទាប់ពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មី៕