(គូឡាឡាំពួរ, ម៉ាឡេស៉ី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា ចិន និងអាស៊ាន បានព្រមព្រៀងគ្នាថានឹងដាក់សំណេីនៃកិច្ចព្រមព្រៀងធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរី ជូនមេដឹកនាំរបស់ខ្លួនដើម្បីអនុម័ត នៅក្នុងខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ ២០២៥។
ការចរចាលេីកិច្ចព្រមព្រៀងមួយហៅថាកំណែ ៣.០នៃតំបន់ពាណិជ្ជកម្មសេរី ចិន និងអាស៊ាន បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ ២០២២ ហើយបញ្ចប់ក្នុងខែឧសភា ឆ្នាំ ២០២៥ ដោយគ្របដណ្តប់លើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បន្ទាប់ពីលោក Wang ចូលរួមកិច្ចប្រជុំកំពូលអាស៉ីបូព៌ា នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី កាលពីថ្ងៃសុក្រ ចិន និងអាស៊ាន ក៏បានព្រមព្រៀងគ្នាផងដែរលើផែនការសកម្មភាពរយៈពេល ៥ឆ្នាំដែលបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើវិស័យជាង ៤០ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
គួរបញ្ជាក់ថា អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ជាមួយនិងទំហំពាណិជ្ជកម្មសរុបឈានដល់ ២៣៤ពាន់លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥។ នេះបើយោងតាមទិន្នន័យគយចិន៕