(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍ ទី១២ ខែកក្កដា បានគំរាមថារូបលោកអាចនឹងដកសញ្ជាតិអាមេរិករបស់ពិធីការនីកម្មវិធីជជែកពិភាក្សា លោកស្រី Rosie O'Donnell បន្ទាប់ពីលោកស្រីបានរិះគន់ការគ្រប់គ្រងនៃរដ្ឋបាលរបស់លោកលើទីភ្នាក់ងារព្យាករឧត្តុនិយមអាមេរិក ជុំវិញគ្រោះទឹកជំនន់ដ៏ប្រល័យមួយនៅក្នុង រដ្ឋ​ Texas។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ បានសរសេរក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ថា «ដោយសារការពិតថាលោកស្រី Rosie O'Donnell មិនបានបម្រើជាប្រយោជន៍ ដ៏ល្អប្រសើរដល់ប្រទេសជាតិដ៏អស្ចារ្យរបស់យើង ខ្ញុំពិតជាកំពុងពិចារណាដកហូតសញ្ជាតិអាមេរិករបស់លោកស្រី»។ លោក ត្រាំ បន្តថា «លោកស្រីគឺជាការគំរាមកំហែងចំពោះ មនុស្សជាតិ ហើយគួរតែបន្តស្ថិតនៅក្នុងប្រទេសអៀរឡង់ ប្រសិនបើពួកគេនៅទីនោះត្រូវការលោកស្រី»។

គួរបញ្ជាក់ថា នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ប្រធានាធិបតីមិនអាចដកសញ្ជាតិអាមេរិកពីពលរដ្ឋអាមេរិកដែលកើតនៅក្នុងសហរដ្ឋអាមេរិកបាននោះទេ។ លោកស្រី O'Donnell កើតនៅក្នុងរដ្ឋ New York។ លោកស្រី O'Donnell ដែលជាមនុស្សម្នាក់តែងតែរិះគនលោក ត្រាំ បានផ្លាស់ទៅរស់នៅក្នុងប្រទេសអៀរឡង់ជាមួយកូនប្រុសរបស់ លោកស្រី កាលពីដើមឆ្នាំ២០២៥នេះ ក្រោយលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២។

លោកស្រីបានលើកឡើងក្នុងការបង្ហោះមួយលើ TikTok កាលពីខែមីនាកន្លងទៅថាលោកស្រីនឹងត្រឡប់ទៅកាន់សហរដ្ឋអាមេរិក នៅពេលលោកស្រីយល់ថាមានសុវត្ថិភាព សម្រាប់ពលរដ្ឋអាមេរិកទាំងអស់មានសិទ្ធិស្មើៗគ្នា នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រី O'Donnell ក៏បានឆ្លើយតបទៅនឹងការគំរាមរបស់លោក ត្រាំ ផងដែរដោយនិយាយថា លោក ត្រាំ ប្រឆាំងនឹងលោកស្រី ដោយសារតែលោកស្រីហ៊ានប្រឆាំងរូបលោកចំៗ៕