(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Lavrov ថាទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេចដើម្បីបន្តគាំទ្រដោយគ្មានលក្ខខណ្ឌដល់គ្រប់សកម្មភាពរបស់ទីក្រុងមូស្គូ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាម KCNA ដកស្រងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Sergei Lavrov កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកូរ៉េខាងជើង ដែលបានបញ្ជូនកងទ័ព និងអាវុធទៅជួយរុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ហើយបានសន្យាថានឹងផ្ដល់ការគាំទ្រផ្នែកយោធាបន្ថែម ខណៈទីក្រុងមូស្គូកំពុងព្យាយាមជំរុញភាពរីកចម្រើនទៅមុខក្នុងសង្រ្គាមនេះ។ លោក គីម បានជួបលោកប្រមុខការទូតរុស្ស៉ី នៅទីក្រុង Wonsan ដែលជាទីក្រុងឆ្នេរភាគខាងកើតកូរ៉េខាងជើង និងជាទីដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសទំាង២បានរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាលើកទី២ ជាមួយការសន្យា ធ្វើកិច្ចសហប្រតិបត្តិការបន្ថែម អនុលោមតាមសន្ធិសញ្ញាភាពជាដៃគូមួយដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២៤ ក្នុងនោះរួមមានការសន្ធិញ្ញាការពារគ្នាទៅវិញទៅមក។
ក្នុងសេចក្ដីរាយការណ៍មួយនៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា KCNA បានឱ្យដឹងថាលោក គីម បានប្រាប់លោក Lavrov ដោយផ្ទាល់ថាជំហានដើរទៅមុខនៃប្រទេសទាំង២ ជាការឆ្លើយតបទៅនឹង ការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោក នឹងចូលរួមចំណែកយ៉ាងអស្ចារ្យដល់ការធានាសន្តិភាព និងសន្តិសុខនៅជុំវិញពិភពលោក។ «លោក គីម ជុងអ៊ុនក៏បានអះអាងឡើងវិញផងដែរពី កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដោយគ្មានលក្ខខណ្ឌ និងជំរុញលើកទឹកចិត្តដល់គ្រប់វិធានការដាក់ចេញដោយមេដឹកនាំរុស្ស៉ី ក្នុងការដោះស្រាយប្រភពដើមនៃវិបត្តិអ៊ុយក្រែន»។ នេះបើតាម KCNA។
គួរបញ្ជាក់ថា មុនជំនួបជាមួយលោក គីម លោក Lavrov បានរៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ក្នុងទីក្រុង Wonsan ហើយបានចេញ សេចក្ដីថ្លែងការណ៍រួមមួយដោយសន្យាគាំទ្រដល់កិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃប្រទេសទាំង២ទៅវិញទៅមក៕