(ស៊ីដនី)៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា បាននិយាយថាចិនទំនងជានឹងតាមឃ្លាំមើលការធ្វើសមយុទ្ធទ្រង់ទ្រាយធំដែលខ្លួនកំពុងធ្វើជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀត ខណៈលើកឡើងជាថ្មីពីការចោទប្រកាន់ដែលថាទីក្រុងប៉េកាំងកំពុងព្យាយាមបង្កើតមូលដ្ឋានទ័ពមួយនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការអត្ថាធិប្បាយខាងលើធ្វើឡើងដោយរដ្ឋមន្ត្រីអូស្ត្រាលីម្នាក់ កើតមានឡើងចំពេលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បំពេញទស្សនកិច្ចរយៈពេល ៦ថ្ងៃ ទៅកាន់ប្រទេសចិន ដើម្បីជំរុញការជួសជុលទំនាក់ទំនងរវាងប្រទេស២ឡើងវិញកាលពីពេលថ្មីៗនេះ។ យោធាជាង ៣០ ០០០នាក់មកពី១៩ប្រទេស គ្រោងនឹងចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ Talisman Sabre នៅថ្ងៃអាទិត្យ នៅលើទឹកដីអូស្ត្រាលី និងប្រទេសដែនកោះ Papua New Guinea។ លោក Pat Conroy ជារដ្ឋមន្ត្រីរបស់អូស្ត្រាលីទទួលបន្ទុកឧស្សាហកម្មការពារជាតិ និងកិច្ចការដែនកោះប៉ាស៊ីហ្វិក បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ថា «ចិនបានតាមឃ្លាំមើលសមយុទ្ធនេះចាប់តាំងពីឆ្នាំ២០១៧ ដូច្នេះវាជារឿងចម្លែកប្រសិនបើ ចិនមិនរវល់នឹងសមយុទ្ធនេះទេនោះ»។

លោក Pat Conroy បន្ថែមទៀតថា «ចិនកំពុងព្យាយាមបង្កើតមូលដ្ឋានទ័ពមួយនៅក្នុងតំបន់ប៉ាស៊ីខាងត្បូង»។ ចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយប្រទេសដែនកោះ Solomon កាលពីឆ្នាំ២០២២។ ចំណែក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាអូស្ត្រាលីបានចោទថាចិនចង់បង្កើតមូលដ្ឋានទ័ពអចិន្ត្រៃយ៍មួយក្នុងប្រទេសដែនកោះមួយនេះ។ ក៏ប៉ុន្តែចិនតាមរយៈ ស្ថានទូតរបស់ខ្លួនក្នុងប្រទេស Fiji ក្នុងខែកក្កដានេះបានច្រានចោលការចោទប្រកាន់បែបនេះដោយចាត់ទុកថាជារឿងមិនពិតឡើយ៕