(ស៊ីដនី)៖ អូស្ត្រាលី នឹងមិនធ្វើការសន្យាទុកជាមុនអំពីការបញ្ជូនកងទ័ពឱ្យទៅចូលរួមក្នុងជម្លោះណាមួយនោះទេ ដែលនេះជាការឆ្លើយតបទៅនឹងសេចក្ដីរាយការណ៍មួយដែលថា សហរដ្ឋអាមេរិកបានដាក់សម្ពាធឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនបញ្ជាក់ឱ្យបានច្បាស់ថាពួកគេនឹងធ្វើដូចម្ដេច ក្នុងករណីសហរដ្ឋអាមេរិក និងចិនផ្ទុះសង្រ្គាមនឹងគ្នាជុំវិញសំណុំរឿងតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកឧស្សាហកម្មការពារជាតិ លោក Pat Conroy ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា។ លោក Pat Conroy បានគូសបញ្ជាក់ដូច្នេះថា «អូស្ត្រាលីផ្តោតជាអាទិភាពលើអធិបតេយ្យរបស់ខ្លួន ហើយនឹងមិនពិភាក្សាពីការប៉ាន់ស្មានណាមួយឡើយ»។
លោកបន្តថា «ការសម្រេចចិត្តបញ្ជូនកងទ័ពអូស្ត្រាលីឱ្យទៅចូលរួមក្នុងជម្លោះណាមួយ នឹងត្រូវបានសម្រេចដោយរដ្ឋាភិបាលអូស្ត្រាលី ហើយមិនមែនជាការសន្យាទុកមុនទេ តែវាជាការសម្រេចចិត្តធ្វើឡើងដោយរដ្ឋាភិបាលអូស្ត្រាលីនៅពេលវេលានោះមកដល់»។
គួរបញ្ជាក់ថា សារព័ត៌មាន Financial Times កាលពីថ្ងៃសៅរ៍ ទី១២ ខែកក្កដា បានរាយការណ៍ថាអនុរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុកគោលនយោបាយ លោក Elbridge Colby បានដាក់សម្ពាធលើក្រុមមន្ត្រីអូស្ត្រាលី និងជប៉ុនដើម្បីឱ្យពួកគេបញ្ជាក់ឱ្យច្បាស់ថាតើពួកគេនឹងធ្វើបែបណា ក្នុងករណីសង្រ្គាមជុំវិញកោះតៃវ៉ាន់ ផ្ទុះឡើង ខណៈការពិតជាក់ស្ដែង សហរដ្ឋអាមេរិកក៏មិនបានបញ្ជាក់ឱ្យច្បាស់ ឬសន្យាថានឹងធ្វើអន្តរាគមន៍យោធាជួយតៃវ៉ាន់ ក្នុងករណីមានការវាយប្រហារពីចិននោះដែរ៕