(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ីនិងចិន បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ប្រមុខការទូតនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាអំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ក៏ដូចជាអំពីលទ្ធភាពបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានជួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi នៅទីក្រុងប៉េកាំង។ ក្នុងសប្តាហ៍នេះ លោក Lavrov ត្រូវចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេសសមាជិកអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហៅកាត់ SCO នៅទីក្រុង Tianjin របស់ចិន។

ក្រសួងការបរទេសរុស្ស៉ី ក៏បានលើកឡើងដែរថា ភាគីទាំងពីរបានសង្កត់ធ្ងន់ លើសារសំខាន់នៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ នៅលើឆាកអន្តរជាតិ រួមមានទាំងនៅអង្គការសហប្រជាជាតិ (UN) និងក្រុមប្រឹក្សាសន្តិសុខ UN ព្រមទាំងនៅ SCO, BRICS, G20 និង APEC ជាដើម។

រីឯក្រសួងការបរទេសចិន បានគូសរំលេចថា ការទាក់ទងគ្នាជិតស្និទ្ធរវាងប្រទេសទាំងពីរ មានគោលដៅលើកកម្ពស់ការអភិវឌ្ឍទៅវិញទៅមក និងដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈម ដែលបង្កឡើងដោយពិភពលោកមួយ កំពុងមានការប្រែប្រួលនិងភាពជ្រួលច្របល់។

គួរបញ្ជាក់ថា រុស្ស៉ីនិងចិនបានប្រកាសនូវអ្វីដែលខ្លួនហៅថា «ភាពជាដៃគូគ្មានដែនកំណត់» កាលពីខែកុម្ភៈ ឆ្នាំ២០២២ នៅពេល​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន។ សហរដ្ឋអាមេរិក ចាត់ទុកចិនជាគូប្រជែងធំបំផុត និងរុស្ស៉ីជាការគំរាមកំហែងធំជាងគេ របស់ខ្លួន៕