(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ មានផែនការបង្កើនទ្វេដង នូវទំហំនៃការចូលរួមចំណែកផ្នែកសេដ្ឋកិច្ច ដែលបានមកពីវិស័យអប់រំអន្តរជាតិរបស់ខ្លួន នៅត្រឹមឆ្នាំ ២០៣៤ ដោយផ្តល់ការលើកទឹកចិត្តផ្សេងៗ រួមមានទាំងការបន្ធូរបន្ថយវិន័យសម្រាប់និស្សិតបរទេស ដែលធ្វើការក្រៅម៉ោងពេលកំពុងសិក្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ ២០២៥។
រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Erica Stanford បានឱ្យដឹងថា មាននិស្សិតអន្តរជាតិកាន់តែច្រើន ចុះឈ្មោះមករៀន នៅនូវែលសេឡង់ ចាប់តាំងពីឆ្នាំ ២០២៣មក ហើយរដ្ឋាភិបាល ចង់បង្កើនទំហំទីផ្សារអប់រំអន្តជាតិរបស់ខ្លួនថែមទៀត ដើម្បីឱ្យឈានដល់ចំនួន ៤.៣២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣៤។ ក្នុងគោលដៅរយៈពេលខ្លី នូវែលសេឡង់ នឹងផ្តោតលើកិច្ចប្រឹងប្រែងផ្សព្វផ្សាយអំពីវិស័យអប់រំរបស់ខ្លួន នៅតាមទីផ្សារដែលមានសក្តានុពលខ្ពស់សម្រាប់កំណើន។
ទីផ្សារអប់រំអន្តរជាតិរបស់នូវែលសេឡង់ បច្ចុប្បន្នមានតម្លៃស្មើនឹង ២.២៤ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាល ចង់ឱ្យមាននិស្សិតអន្តរជាតិ កើនឡើងពីចំនួន ៨៣ ៧០០នាក់នៅឆ្នាំ ២០២៤ ដល់ចំនួន ១០៥ ០០០នាក់ក្នុងឆ្នាំ ២០២៧ និង ១១៩ ០០០នាក់នៅឆ្នាំ ២០៣៤ ហើយបង្កើនទ្វេដងនូវតម្លៃនៃទីផ្សារនេះ សម្រាប់សេដ្ឋកិច្ចប្រទេស។ ដើម្បីលើកទឹកចិត្ត រដ្ឋាភិបាលនឹងដំឡើងចំនួនម៉ោងសរុប ដែលនិស្សិតអន្តរជាតិអាចធ្វើការក្រៅម៉ោងបាន ឱ្យដល់២៥ម៉ោងក្នុង១សប្តាហ៍ កើនពី២០ម៉ោងនាពេលបច្ចុប្បន្ន ហើយក្រៅពីនេះ នឹងពង្រីកឱកាសទទួលបានសិទ្ធិការងារ សម្រាប់និស្សិតថ្នាក់ឧត្តមសិក្សា នៅក្នុងកម្មវិធីផ្លាស់ប្តូរ ឬការសិក្សានៅបរទេស។
គួរបញ្ជាក់ថា សម្រាប់នូវែលសេឡង់ ដែលកំពុងតស៊ូនឹងកំណើនសេដ្ឋកិច្ចទន់ខ្សោយ នេះគឺជាវិធានការថ្មីចុងក្រោយបំផុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច បន្ទាប់ពីបានកែប្រែរបៀបផ្តល់ទិដ្ឋាការ ដើម្បីលើកទឹកចិត្តអ្នកធ្វើការសម័យឌីជីថល និងទាក់ទាញការវិនិយោគបរទេស៕