(កៀវ)៖ នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកគឺ លោក Keith Kellogg បានធ្វើដំណើរមកដល់ទីក្រុងកៀវ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ថ្មីៗឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Andriy Yermak ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា មានប្រធានបទជាច្រើនសម្រាប់កិច្ចពិភាក្សា អំឡុងទស្សនកិច្ចរបស់លោក Kellogg គឺដូចជាបញ្ហាសន្តិសុខ ការពារជាតិ សព្វាវុធ ទណ្ឌកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិក។
កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រកាសថា លោកនឹងបញ្ជូនប្រព័ន្ធ Patriot បន្ថែមឱ្យអ៊ុយក្រែន ដោយសារអ៊ុយក្រែនត្រូវការវាចាំបាច់ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៉ី។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក មិនបានបញ្ជាក់ឡើយថា ប្រព័ន្ធ Patriot ចំនួនប៉ុន្មានឱ្យប្រាកដ ដែលនឹងត្រូវផ្តល់ឱ្យទីក្រុងកៀវ។ មួយវិញទៀត បើតាមលោក ត្រាំ គឺអាមេរិកនឹងមិនមែនជាអ្នកចេញថ្លៃចំណាយលើប្រព័ន្ធមីស៉ីលទាំងនេះឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ (ពេលវេលានៅអាមេរិក) លោក ត្រាំ នឹងត្រូវជួបអគ្គលេខាធិការអង្គការ NATO លោក Mark Rutte នៅទីក្រុងវ៉ាស៉ីនតោន។ ប៉ុន្មានខែមកនេះ ទីក្រុងមូស្គូបានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើអ៊ុយក្រែន ដោយបានបញ្ជូនយន្តហោះដ្រូនម្តងៗរាប់រយគ្រឿង សឹងតែរៀងរាល់ថ្ងៃ៕