(បរទេស)៖ ក្រសួងពាណិជ្ជកម្មនៃប្រទេសម៉ាឡេស៊ី បានប្រកាសនៅថ្ងៃចន្ទថា ការនាំចេញ, ការផ្ទេរ និងការដឹកជញ្ជូនបន្ទះឈីបសម្រាប់បច្ចេកវិទ្យា AI ដែលមានសមត្ថភាពខ្ពស់ និងមានដើមកំណើតពីសហរដ្ឋអាមេរិក នឹងត្រូវបានគ្រប់គ្រងក្រោមប្រព័ន្ធអនុញ្ញាតពាណិជ្ជកម្មចាប់ពីពេលនេះតទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

បុគ្គលឬក្រុមហ៊ុន ត្រូវជូនដំណឹងទៅកាន់អាជ្ញាធរពាណិជ្ជកម្មយ៉ាងតិច៣០ថ្ងៃ មុននឹងមានការនាំចេញ ការផ្ទេរ ឬការដឹកជញ្ជូនឆ្លងប្រទេសនូវធាតុណាមួយ ដែលមិនបានរាប់បញ្ចូលយ៉ាងច្បាស់លាស់នៅក្នុងបញ្ជីធាតុយុទ្ធសាស្រ្ត (Strategic Items List) របស់ម៉ាឡេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួង។ ការធ្វើបែបនេះ គឺមានគោលបំណងបំពេញបន្ថែមនូវច្បាប់ដែលមិនគ្រប់គ្រាន់ ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងពិចារណានូវការបញ្ចូលឈីប AI សមត្ថភាពខ្ពស់មកពីសហរដ្ឋអាមេរិក ចូលទៅក្នុងបញ្ជីធាតុយុទ្ធសាស្រ្តរបស់ខ្លួន។

ក្រសួងពាណិជ្ជកម្មនៃប្រទេសម៉ាឡេស៊ីបានបន្ថែមថា «ម៉ាឡេស៊ីមានជំហរច្បាស់លាស់ក្នុងការបដិសេធនូវគ្រប់ការប៉ុនប៉ង ដែលចង់បានការគ្រប់គ្រងការនាំចេញ ឬការធ្វើពាណិជ្ជកម្មខុសច្បាប់។ បុគ្គល ឬក្រុមហ៊ុនណាដែលបំពាន់ នឹងជួបវិធានការតាមផ្លូវច្បាប់»

ប្រទេសនៅភាគអាស៊ីអាគ្នេយ៍ កំពុងពង្រឹងច្បាប់នានាដែលពាក់ព័ន្ធនឹងឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច (semiconductor) ខណៈដែលសហរដ្ឋអាមេរិកបានដាក់សម្ពាធឱ្យទប់ស្កាត់ការបញ្ជូនឈីបសំខាន់ៗទៅប្រទេសចិន ដែលជាឈីបចាំបាច់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា AI។ នេះបើតាមកាសែត Financial Times បានរាយការណ៍នៅខែមីនា៕