(ប៉េកាំង)៖ ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយ “ចិនឌីជីថល” (Digital China) ក្នុងឆ្នាំ២០១៥ មក សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន ទទួលបាននូវសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំង ជាមួយនឹងសមិទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បណ្តាញអ៊ិនធើណែត 5G បញ្ញាសិប្បនិម្មិត (AI) និងទីក្រុងឆ្លាតវៃជាដើម។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ អ្នកប្រើប្រាស់អ៊ិនធើណែតក្នុងប្រទេសចិន បានកើនឡើងដល់ ១,១ ពាន់លាននាក់ (ស្មើនឹង ៧៨,៦% នៃប្រជាជនសរុប) ហើយទីផ្សារលក់រាយ តាមប្រព័ន្ធអ៊ិនធើណែតរបស់ចិន សម្រេចបានប្រមាណ ២,១៦ ពាន់ពាន់លានដុល្លារអាម៉េរិក ដែលជាទំហំសេដ្ឋកិច្ចឌីជីថលធំជាងគេលំដាប់ទីពីររបស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។

ស្របពេលដែលសន្ទុះនៃសេដ្ឋកិច្ចឌីជីថលចិន បានរួមចំណែកដល់ភាពធន់ និងកំណើនសេដ្ឋកិច្ចក្នុងស្រុករបស់ចិន វាក៏បានក្លាយទៅជាកត្តាជំរុញដ៏សំខាន់ ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការឌីជីថលអន្តរជាតិ និងនាំមក នូវកាលានុវត្តភាពថ្មីៗសម្រាប់ការផ្លាស់ប្តូរឧត្តមានុវត្តន៍ក្នុងវិស័យសេដ្ឋកិច្ចឌីជីថលផងដែរ។

ជាក់ស្តែង ក្នុងសន្និសីទសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង នាដើមខែកក្កដានេះ ប្រទេសចិនបានបង្កើត “សម្ព័ន្ធភាពទីក្រុងសេដ្ឋកិច្ចឌីជីថលសកល (Digital Economy Cities Alliance - DEC40)” ជាមួយនឹងទីក្រុងចំនួន ៤០ មកពីទ្វីប និងតំបន់នានា ដើម្បីចូលរួមលើកកម្ពស់បរិយាបន្នឌីជីថល បង្កើតស្តង់ដារសម្រាប់អភិបាលកិច្ចឌីជីថល និងចែករំលែកនូវផែនទីចង្អុលផ្លូវឌីជីថលទីក្រុងចិនដល់ដៃគូនានា។

គំនិតផ្តួចផ្តើម DEC40 មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ប្រទេសចិន ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីចែករំលែកបទពិសោធន៍ជោគជ័យ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនោះទេ ប៉ុន្តែក៏នឹងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលប្រឈម នឹងគម្លាតហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបញ្ហាអភិបាលកិច្ចឌីជីថលផងដែរ។

ក្រោមគំនិតផ្តួចផ្តើម DEC40 ប្រទេសចិននឹងអនុវត្តនូវផែនការសកម្មភាពចំនួន ៣ ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដែលក្នុងនោះរួមមាន៖ (១) ការផ្តល់សេវារៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងសេវាប្រឹក្សាយោបល់ដល់ទីក្រុងចំនួន ១០០ ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ (២) ការបណ្តុះបណ្តាលមន្ត្រីអភិបាលកិច្ចឌីជីថលកម្រិតទីក្រុងចំនួន ១០០ នាក់ និង (៣) ការដាក់ចេញនូវគម្រោងចំនួន ១០ ក្នុងវិស័យកសិកម្មឆ្លាតវៃ និងការថែទាំសុខភាពឌីជីថល។

ជាងនេះទៅទៀត វឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ប្រទេសចិន ក្នុងវិស័យបច្ចេកវិទ្យាឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថល ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពន្លឿន ការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ។ តួយ៉ាង ប្រទេសចិនបានដាក់ចេញគំនិតផ្តួចផ្តើមផ្លូវសូត្រឌីជីថល (Digital Silk Road) ដើម្បីជំរុញការតភ្ជាប់ឌីជីថលសកល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ពាណិជ្ជកម្មអេឡិចត្រូនិក ព្រមទាំងចែករំលែកគំរូបច្ចេកវិទ្យារបស់ចិន។

ជាមួយនឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌផ្លូវសូត្រឌីជីថល ប្រទេសចិនបានក្លាយទៅជាដៃគូឈានមុខ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ទទួលបានលទ្ធភាពក្នុងការពង្រីកបណ្តាញខ្សែកាបអុបទិក អភិវឌ្ឍបច្ចេកវិទ្យាឆ្លាតវៃ និងជំនាញឌីជីថល ព្រមទាំងជំរុញនវានុវត្តន៍ឌីជីថល។

ថ្មីៗនេះ ក្នុងនាមជាម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចឌីជីថលអង្គការសហប្រតិបត្តិការសៀងហៃ ដែលបានប្រព្រឹត្តទៅនៅទីក្រុងធានជីង ប្រទេសចិនបានកៀរគរនូវគម្រោងវិនិយោគចំនួន ២១ សរុបជាទឹកប្រាក់ប្រមាណ ១៨៦ លានដុល្លារអាម៉េរិក គ្របដណ្តប់លើ វិស័យហេដ្ឋារចនាសម្ព័ន្ធថាមពលកុំព្យូទ័រ ការថែទាំសុខភាព និងថាមពលឆ្លាតវៃជាដើម។

គម្រោងទាំងនេះ នឹងបង្កើនសន្ទុះថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយគម្លាតឌីជីថល និងលើកកម្ពស់ភាពធន់នៃប្រព័ន្ធសេដ្ឋកិច្ចក្នុងសហគមន៍ ដែលជាក្របខណ្ឌចាំបាច់សម្រាប់ការជំរុញការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សរុបមក ខណៈដែលពិភពលោកឈានចូលក្នុងយុគសម័យឌីជីថល សន្ទុះនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសចិន នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃការជំរុញនវានុវត្តន៍ឌីជីថលសកល ព្រមទាំងរួមចំណែកជាវិជ្ជមានដល់ ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាមួយនឹងការប្តេជ្ញាចិត្តឥតងាករេចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពហុភាគីនិយម ប្រទេសចិននឹងបន្តដើរតួនាទីកាន់តែសំខាន់ ក្នុងការពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ៕

ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា