(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃចន្ទនេះ បានជួបពិភាក្សាជាមួយបេសកជនពិសេសអាមេរិក លោក Keith Kellogg នៅរដ្ឋធានីកៀវ ដោយផ្តោតលើការជំរុញប្រព័ន្ធការពារដែនអាកាស និងការទិញអាវុធដោយមានកិច្ចសហការពីអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហ្សេលេនស្គី បានសរសេរថា ជំនួបនេះបានពិភាក្សាពី «មាគ៌ាឆ្ពោះទៅរកសន្តិភាព» ដែលរួមមានការពង្រឹងប្រព័ន្ធការពារដែនអាកាស, ការផលិតរួមគ្នា និងការទិញអាវុធការពារជាតិដោយសហការជាមួយអឺរ៉ុប ព្រមទាំងការដាក់ទណ្ឌកម្មលើរុស្ស៊ី។

គួរបញ្ជាក់ថា ជំនួបនេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងបញ្ជូនមីស៊ីលការពារដែនអាកាស Patriot ទៅឲ្យអ៊ុយក្រែន ហើយវាក៏កើតមានឡើងមុនពេលការប្រកាសដ៏សំខាន់មួយដែលគេរំពឹងទុក អំពីផែនការថ្មីរបស់អាមេរិកក្នុងការផ្តល់អាវុធវាយលុកដល់ទីក្រុងកៀវ។

ការវិវត្តនេះបានបង្ហាញពីការផ្លាស់ប្តូរជំហររបស់លោក ត្រាំ ដែលពីមុនមានវិធីសាស្រ្តសម្របសម្រួលជាមួយរុស្ស៊ី តែឥឡូវបែរជាបង្ហាញការមិនពេញចិត្តចំពោះលោក ពូទីន បន្ទាប់ពីរុស្ស៊ីបង្កើនការវាយប្រហារផ្លូវអាកាស។ គួរកត់សម្គាល់ដែរថា សំឡេងស៊ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារផ្លូវអាកាស បានបន្លឺឡើងនៅទីក្រុងកៀវ មិនយូរប៉ុន្មានក្រោយជំនួបនេះបានបញ្ចប់៕