(តេអេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់នឹងមាន «ការឆ្លើយតបដ៏សមស្រប» ប្រសិនបើក្រុមប្រទេសអឺរ៉ុបទាំងបី (E3) រួមមានបារាំង អង់គ្លេស និងអាល្លឺម៉ង់ ចាប់ផ្តើមយន្តការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥។
ភាគីអ៊ីរ៉ង់ បានចាត់ទុកការគំរាមកំហែងនេះថាមានចរិតនយោបាយ និងខ្វះមូលដ្ឋានច្បាប់ ដោយអះអាងថា ការកាត់បន្ថយការគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA) របស់ខ្លួន គឺបណ្តាលមកពី «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» ពីសំណាក់សហរដ្ឋអាមេរិក និងភាគីដទៃទៀត។ អ្នកនាំពាក្យរូបនេះក៏បានច្រានចោលការបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក រហូតទាល់តែ «ប្រសិទ្ធភាពនៃមធ្យោបាយការទូត» ត្រូវបានធានា។
គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើង បន្ទាប់ពីភាពតានតឹងបានកើនឡើងកាលពីខែមិថុនា ដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមមាន Natanz, Fordow និង Isfahan។ ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកនៅប្រទេសកាតា មុនពេលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ ជាមួយអ៊ីស្រាអែលនៅថ្ងៃទី២៤ ខែមិថុនា៕