(អាសុងស្យុង)៖ ប្រធានាធិបតីប៉ារ៉ាហ្កាយ លោក Santiago Pena បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែកក្កដាថាប្រទេសរបស់លោកកំពុងត្រៀមទទួលស្វាគមន៍ មេដឹកតៃវ៉ាន់ លោក Lai Ching-te នៅខែក្រោយនេះ ដែលនេះមានន័យថាលោក Lai ទំនងជាអាចនឹងធ្វើការឈប់សំចតនៅក្នុងសហរដ្ឋអាមេរិក ក្នុងដំណើរឆ្លងកាត់មួយដែលនឹងធ្វើឱ្យចិនក្ដៅក្រហាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប៉ារ៉ាហ្កាយគឺជាប្រទេសមួយក្នុងចំណោមប្រទេស១២ និងជាប្រទេសតែមួយគត់ក្នុងតំបន់អាមេរិកខាងត្បូងដែលបន្តរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ជាធម្មតា ដំណើរទស្សនកិច្ចណាមួយរបស់មេដឹកនាំតៃវ៉ាន់ ទៅកាន់តំបន់អាមេរិកកណ្ដាល និងអាមេរិកខាងត្បូង តែងតែត្រូវធ្វើការឈប់សំចតនៅសហរដ្ឋអាមេរិក ដោយសារតែតំបន់ទាំង២នេះស្ថិតនៅឆ្ងាយពីតៃវ៉ាន់។ ប៉ុន្តែ ការឈប់សំចតរបៀបនេះជាផ្នែកមួយដ៏សំខាន់នៃដំណើរទស្សនកិច្ច ដ្បិតទីក្រុងវ៉ាស៊ីនតោន ជាអ្នកគាំទ្រអន្តរជាតិ និងអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់តៃវ៉ាន់។

នៅឯសន្និសីទស្ដីពីការវិនិយោគទ្វេភាគីក្នុងរដ្ឋធានីអាសុងស្យុង លោក Santiago Pena បានបង្ហើបថាលោក Lai នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប៉ារ៉ាហ្កាយ នៅខែសីហាខាងមុខ។ «យើងកំពុងត្រៀមទទួលស្វាគមន៍លោកប្រធានាធិបតី Lai ក្នុងពេល៣០ថ្ងៃខាងមុខ»។ នេះជាការគូសបញ្ជាក់របស់លោក Pena។

គួរបញ្ជាក់ថា បើតាម Reuters ប្រទេសបេលី ក៏គ្រោងនឹងទទួលស្វាគមន៍លោក Lai Ching-te ផងដែរ អំឡុងទស្សនកិច្ចរបស់លោកក្នុងតំបន់អាមេរិកខាងត្បូង តែមិនមានការបញ្ជាក់ពីកាលបរិច្ឆេទនោះទេ៕