(វ៉ាស៉ីនតោន)៖ រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសកាតព្វកិច្ចពន្ធប្រហែល ១៧ភាគរយលើផ្លែប៉េងប៉ោះស្រស់នាំចូលពីម៉ិកស៉ិក ដែលមានចំនួន ២ ភាគ ៣នៃតម្រូវការបរិភោគនៅសហរដ្ឋអាមេរិក ក្រោយដកខ្លួនចេញកិច្ចព្រមព្រៀងនាំចេញរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។
ក្នុងមួយឆ្នាំ ម៉ិកស៉ិកនាំចេញផ្លែប៉េងប៉ោះទៅអាមេរិក គិតជាទឹកប្រាក់ ៣ពាន់លានដុល្លារ។ តាមក្រសួងពាណិជ្ជកម្មអាមេរិក សហរដ្ឋអាមេរិក កំពុងដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០១៩ ដោយនៅក្រោមកិច្ចព្រមព្រៀងនេះ មិនមានការស៉ើបអង្កេតលើការបង់ពន្ធ លើប៉េងប៉ោះនាំចូលពីម៉ិកស៉ិក ទៅកាន់សហរដ្ឋអាមេរិកនោះទេ។ ក្រសួងសេដ្ឋកិច្ច និងកសិកម្មម៉ិកស៉ិក ចាត់ទុកការសម្រេចរបស់សហរដ្ឋអាមេរិក គឺ «អយុត្តិធម៌» ប្រឆាំងនឹងផលប្រយោជន៍របស់អ្នកផលិតម៉ិកស៉ិក ក៏ដូចជាឧស្សាហកម្មអាមេរិក។
គួរបញ្ជាក់ថា ចំណាត់ការនេះបានកើតមានឡើង នៅគ្រាដែររដ្ឋបាលលោក ត្រាំ កំពុងស្វែងរកកិច្ចព្រមព្រៀង ជាមួយដៃគូពាណិជ្ជកម្មស្ទើរតែទាំងអស់ ក្រោយការប្រកាសដំឡើង និងយកពន្ធ កាលពីខែមេសារបស់ខ្លួន។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ទើបនឹងបានគំរាមដាក់ពន្ធ ៣០ភាគរយលើការនាំចូលពីម៉ិកស៉ិក ចាប់ពីថ្ងៃទី១ ខែសីហាផងដែរ បន្ទាប់ពីកិច្ចចរចាច្រើនសប្តាហ៍ជាមួយគ្នា មិនសម្រេចបានកិច្ចព្រមព្រៀង៕