(បាដាដ)៖ ការវាយប្រហារដោយយន្តហោះដ្រូនមួយគ្រឿង បានបង្ខំឱ្យក្រុមហ៊ុនអាមេរិកផ្អាកប្រតិបត្តិការរបស់ខ្លូន នៅទីតាំងផលិតប្រេងក្នុងតំបន់ស្វយ័តឃឺដ ប្រទេសអ៉ីរ៉ាក់ នាថ្ងៃអង្គារ ទី១៥ ខែកក្កដានេះ ចំពេលមានរលកនៃការវាយប្រហារស្រដៀងគ្នានេះ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងធនធានធម្មជាតិនៃតំបន់ស្វយ័តឃឺដ បានឱ្យដឹងថា អណ្តូងប្រេង Sarsang ក្នុងខេត្ត Duhok បានរងការវាយប្រហារ។ HKN Energy ដែលជាក្រុមហ៊ុនអាមេរិក បាននិយាយថា ការផ្ទុះកើតឡើងនៅវេលាម៉ោងប្រហែល ៧ព្រឹក នៅឯរោងចក្រផលិតរបស់ខ្លួននៃអណ្តូងប្រេង Sarsang។ ប្រតិបត្តិការនៃរោងចក្រ ត្រូវផ្អាកជាបណ្តោះអាសន្នសិន រហួតដល់មានសុវត្ថិភាពឡើងវិញ។
គួរបញ្ជាក់ថា មួយថ្ងៃមុន ក៏មានការវាយប្រហារដោយដ្រូន៣គ្រឿង នៅខេត្ត Irbil ដែលនៅជាប់នឹងតំបន់ស្វយ័តឃឺដនេះផងដែរ ដោយដ្រូនមួយគ្រឿង ត្រូវបានបាញ់ទម្លាក់នៅជិតអាកាសយានដ្ឋាន Irbil ដែលមានកងទ័ពអាមេរិកឈរជើង រីឯពីរគ្រឿងផ្សេងទៀត បានវាយប្រហារអណ្តូងប្រេង Khurmala បណ្តាលឱ្យខូចខាតសម្ភារ។ មិនទាន់មានការអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារទាំងនោះទេ។ ប៉ុន្តែកាលពីថ្ងៃទី៣ ខែកក្កដា អាជ្ញាធរឃឺដនិយាយថា ដ្រូនមួយគ្រឿងដែលត្រូវបានបាញ់ទម្លាក់ជិតអាកាសយានដ្ឋាន Irbil គឺជាស្នាដៃក្រុម Hashed Al-Shaabi ដែលជាអតីតទាហានប៉ារ៉ាគាំទ្រដោយអ៉ីរ៉ង់ ហើយឥឡូវនេះបានរួមបញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធទូទៅ៕