(ប៉េកាំង)៖ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនិងអ្នកទទួលខុសត្រូវនៃស្ថាប័នអចិន្ត្រៃយ៍ នៃបណ្តាប្រទេសដែលទៅកាន់ប្រទេសចិនដើម្បី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ នៅវិមានសភាប្រជាជនក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំចាប់តាំងពីបានបង្កើតឡើងមក អង្គការសហប្រតិបត្តិការសៀងហៃតែងតែប្រកាន់ខ្ជាប់នូវ «ស្មារតីសៀងហៃ» ហើយមានភាពចាស់ទុំ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសចិនតែងតែចាត់ទុកអង្គការសហប្រតិបត្តិការសៀងហៃជាអាទិភាព ក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការសៀងហៃកាន់តែរឹងមាំ និងខ្លាំងក្លា។

ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដែលមានការផ្លាស់ប្តូរ និងភាពច្របូកច្របល់ប្រទាក់ក្រឡាគ្នា អង្គការសហប្រតិបត្តិការសៀងហៃគួរដាក់បញ្ចូលស្ថិរភាព និងថាមពលវិជ្ជមានបន្ថែមទៀតសម្រាប់ពិភពលោក។ លោកបានលើកសំណើថាទី១ ចងចាំពីគោលបំណងដើមនៃការបង្កើតអង្គការ និងធ្វើជាអ្នកបន្តវេននៃ «ស្មារតីសៀងហៃ»។ ទី២ ឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជន និងធ្វើជាសកម្មជនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ។ ទីបី រ៉ាប់រងបេសកកម្មនៃយុគសម័យ និងធ្វើជាអ្នកអនុវត្តនៃការកសាងសហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ។

លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានតំណាងប្រតិភូបរទេសថ្លែងថា អង្គការសហប្រតិបត្តិការសៀងហៃបានប្រកាន់ខ្ជាប់នូវ «ស្មារតីសៀងហៃ» ដែលជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សាគ្នា គោរពពិពិធកម្មអរិយធម៌ និងស្វែងរកការអភិវឌ្ឍរួម ដែលទទួលបានសមិទ្ធផលនៃ កិច្ចសហប្រតិបត្តិការដែលគួរឱ្យកត់សម្គាល់ ហើយកម្លាំងទាក់ទាញអន្តរជាតិក៏កំពុងកើនឡើងឥតឈប់ឈរ។ ភាគីទាំងអស់មានឆន្ទៈគាំទ្រយ៉ាងសកម្មដល់ ការងាររបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេន ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលក្រុង Tianjinទទួលបានជោគជ័យដោយគាប់ប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន