(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នៅថ្ងៃអង្គារនេះ បានជួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ដោយភាគីទាំងពីរបានឯកភាពបន្តកិច្ចសន្ទនា និងស្វែងរកកិច្ចសហប្រតិបត្តិការ ទោះបីជាមានការប្រកួតប្រជែងផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក អាល់បានីស បានបញ្ជាក់ពីគោលនយោបាយរបស់អូស្ត្រាលី គឺ «សហការលើចំណុចដែលអាចធ្វើបាន និងមិនឯកភាពលើចំណុចដែលចាំបាច់» ដោយដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីជួសជុលទំនាក់ទំនងដែលបានធ្លាក់ចុះក្រោមរដ្ឋបាលមុន។

ជាការឆ្លើយតប លោក ស៊ី ជីនពីង បានអំពាវនាវឲ្យប្រទេសទាំងពីរការពារពាណិជ្ជកម្មសេរី ជាពិសេសនៅក្នុងបរិបទអន្តរជាតិដែល «ស្មុគស្មាញ និងច្របូកច្របល់» ដែលនេះជាការឆក់យកឱកាសរបស់ចិន ក្នុងការបង្ហាញខ្លួនជាដៃគូមានស្ថិរភាព ខណៈដែលលោក ត្រាំ កំពុងដំឡើងពន្ធ។

គួរបញ្ជាក់ថា ទោះបីជាជំនួបនេះមិនបានបង្កើតកិច្ចព្រមព្រៀងវិនិយោគ ឬពាណិជ្ជកម្មធំៗថ្មីណាមួយក៏ដោយ ប៉ុន្តែភាគីទាំងពីរបានឯកភាពពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនលើវិស័យទេសចរណ៍ ការត្រួតពិនិត្យគយ និងកសិកម្ម៕