(Reuters)​៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានឯកភាពគ្នានៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដើម្បីកំណត់យកដំណាច់ខែសីហា ជាឱសានវាទសម្រាប់ការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៉ីរ៉ង់។ នេះបើតាមការដកស្រងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

Axios ដោយផ្អែកលើប្រភពពីចំនួន៣ ដែលខ្លួនទទួលបាន បានឱ្យដឹងថាប្រសិនបើគ្មានកិច្ចព្រមព្រៀងឱ្យបានមុនឱសានវាទខាងលើទេ នោះប្រទេសអឺរ៉ុបទាំង៣ នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឡើងវិញប្រឆាំងអ៉ីរ៉ង់។ ទណ្ឌកម្មនេះត្រូវបានលុបចោល នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។

គួរបញ្ជាក់ថា អ៉ីរ៉ង់ កាលពីនៅថ្ងៃចន្ទ បានអះអាងនឹងមិនមានកិច្ចចរចានុយក្លេអ៊ែរថ្មីជាមួយសហរដ្ឋអាមេរិកនោះទេ ប្រសិនបើនៅតែមានលក្ខខណ្ឌឱ្យតេហេរ៉ង់ បោះបង់ចោលសកម្មភាព ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ អ៉ីរ៉ង់ជារឿយៗតែងតែអះអាងថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល មិនមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរនោះទេ៕