(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បានស្នើឱ្យលុបចោលថ្ងៃឈប់សម្រាកចំនួន ២ថ្ងៃ និងបង្កកការចំណាយសាធារណៈភាគច្រើននៃកញ្ចប់ថវិកា ៤៣.៨ពាន់លានអឺរ៉ូ ឬ ៥០.៨៨ពាន់លានដុល្លារ ដែលប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ផែនការរបស់ លោក Bayrou គឺនឹងបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម ដាក់កម្រិតការបង់ពន្ធនៅឆ្នាំ ២០២៦ ឱ្យដូចឆ្នាំ ២០២៥ ដោយមិនធ្វើការកែសម្រួលទោះបីជាមានអតិផរណា។ ប៉ុន្តែការចំណាយលើវិស័យការពារជាតិ នឹងកើនឡើង។ ការបង្កកការចំណាយផ្នែកសុខុមាលភាពសង្គម នឹងទំនងជាមិនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតភាគច្រើន ដូចការលុបចោលថ្ងៃឈប់សម្រាកនោះទេ។

ក្នុងសន្និសីទសារព័ត៌មានរយៈពេលពីរម៉ោងទៅកាន់ក្រុមអ្នកកាសែត និងជាមួយសមាជិកសភា ក៏ដូចជាបណ្តារដ្ឋមន្ត្រីបារាំង លោក Bayrou បានព្រមានថា បំណុលសាធារណៈគឺជាគ្រោះថ្នាក់ដល់ជីវិត សម្រាប់ប្រទេសបារាំង ហើយចាំបាច់ត្រូវដោះស្រាយ។ តាមលោក Bayrou មានថ្ងៃឈប់សម្រាកច្រើនពេកនៅក្នុងខែឧសភា ហើយពលរដ្ឋត្រូវតែត្រឡប់ទៅធ្វើការវិញនៅក្នុងខែនោះ មានន័យថា នឹងមានប្រាក់ចំណូលបន្ថែមចូលរដ្ឋ ពីព្រោះគ្រប់គ្នាធ្វើការច្រើន និងមានផលិតភាពកាន់តែច្រើន។

គួរបញ្ជាក់ថា ឱនភាពថវិការបស់បារាំង បានកើនឡើងដល់ ៥.៨ភាគរយនៃផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំ ២០២៤ ដោយសារតែវិបត្តិនយោបាយនាំឱ្យរដ្ឋាភិបាលជាប់គាំង ៤លើក​ និងមិនអាចទប់ទល់ចំពោះការធ្លាក់ចុះនៃប្រាក់ចំណូលពន្ធ រួមទាំងការកើនឡើងនូវការចំណាយ ចូលដល់ឆ្នាំទីពីរ៕