(វ៉ាស៉ីនតោន)៖ នៅថ្ងៃពុធ ទី១៦ ខែកក្កដា អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានព្រមានថា ប្រទេសដូចជា ប្រេស៉ីល ចិន និងឥណ្ឌា អាចនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរ ប្រសិនបើពួកគេនៅតែបន្តទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Rutte បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្តល់សព្វាវុធថ្មីៗដល់អ៊ុយក្រែន ហើយគំរាមកំំណត់ពន្ធ១០០ភាគរយ លើបណ្តាប្រទេសទាំងឡាយ ដែលទិញប្រេងពីរុស្ស៉ី ប្រសិនបើទីក្រុងមូស្គូ នៅតែមិនអាចសម្រេចឱ្យបាន កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន ក្នុងរយៈពេល៥០ថ្ងៃ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជួបលោក ត្រាំ កាលពីថ្ងៃចន្ទ ហើយបានឯកភាពគ្នាជុំវិញចំណាត់ការថ្មីខាងលើ លោក Rutte បាននិយាយដូច្នេះថា «ខ្ញុំលើកទឹកចិត្តឱ្យប្រទេសទាំង៣ ពិចារណាល្អិតល្អន់ចំពោះរឿងនេះ ព្រោះពួកគេអាចនឹងត្រូវ​រងទណ្ឌកម្មធ្ងន់ធ្ងរ។ ហេតុនេះហើយចូរហៅទូរសព្ទទៅកាន់លោក វ៉្លាឌីមៀ ពូទីន (ប្រធានាធិបតីរុស្ស៉ី) ហើយប្រាប់លោក ពូទីន ថា ដល់ពេលដែលត្រូវប្រាកដប្រជាអំពីកិច្ចពិភាក្សាសន្តិភាពហើយ ព្រោះបើពុំដូច្នោះទេ ប្រេស៉ីល ឥណ្ឌា និងចិន ក៏នឹងត្រូវរងផលវិបាក​យ៉ាងធ្ងន់ធ្ងរផងដែរ»។

ជាចុងក្រោយ លោក Rutte បាននិយាយថា អឺរ៉ុបនឹងស្វែងរកថវិកាដើម្បីធានាថា អ៊ុយក្រែនអាចស្ថិតនៅជំហរដ៏ល្អប្រសើរបំផុត តាមតែធ្វើទៅបាន នៅក្នុងកិច្ចចរចាសន្តិភាព។ លោកបានឱ្យដឹងថា នៅក្រោមការព្រមព្រៀងគ្នាជាមួយលោក ត្រាំ សហរដ្ឋអាមេរិក ឥឡូវនេះនឹងចាប់ផ្តើមផ្តល់ការគាំទ្រសព្វាវុធ ក្នុងទ្រង់ទ្រាយធំឡើងវិញដល់អ៊ុយក្រែន ពោលគឺមិនមែនត្រឹមតែប្រព័ន្ធការពារដែនអាកាសទេ គឺព្រមទាំងមីស៉ីល គ្រាប់រំសេវ និងអាវុធផ្សេងៗទៀតផងដែរ ដែលរ៉ាប់រងចំណាយដោយក្រុមប្រទេសអឺរ៉ុប៕