(កង់បេរ៉ា)៖ នៅថ្ងៃពុធ ទី១៦ ខែកក្កដា បុរស៣នាក់ត្រូវបានចោទប្រកាន់ជាផ្លូវការ ក្រោយរកឃើញថា ពួកគេលួចនាំចូលគ្រឿងញៀនទម្ងន់៥៩៧គីឡូក្រាម មានប្រភពពីប្រទេសថៃ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ABC News។

អាជ្ញាធរអូស្រ្តាលី បានឱ្យដឹងថា បុរសទាំង៣នាក់ខាងលើ មានអាយុ២២, ២៤ និង២៨ឆ្នាំ ហើយសុទ្ធតែមកពីរដ្ឋ New South Wales ត្រូវបានចាប់ខ្លួននៅទីក្រុង Brisbane កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ពួកគេទាំង៣នាក់ នឹងត្រូវប្រឈមមុខជាមួយទោសអតិបរមា គឺជាប់ពន្ធនាគារអស់មួយជីវិត។

កាលពីថ្ងៃទី៤ ខែកក្កដា ក្រុមមន្រ្តីកងកម្លាំងព្រំដែននៃប្រទេសអូស្រ្តាលី (ABF) នៅរដ្ឋ Queensland បានរកឃើញ និងស្ទាក់ចាប់ទំនិញមួយដែលដឹកជញ្ជូនតាមផ្លូវសមុទ្រមកពីប្រទេសថៃ ក្រោយវាចូលមកដល់កំពង់ផែទីក្រុង Brisbane។ គ្រឿងញៀនទាំងនោះ ត្រូវបានលាក់ទុកក្នុងកេសឈើចំនួន៨ ដែលត្រូវបានប្រកាសថាជា ផ្ទាំងក្រណាត់ការពារកាំរស្មី UV។

ដោយសង្ស័យ ABF បានធ្វើតេស្តពិនិត្យលើ ទំនិញនោះ ហើយក៏ឃើញថា តាមពិតវាផ្ទុកថ្នាំញៀនប្រភេទមេតាំហ្វេតាមីនទម្ងន់ ៥៩៧គីឡូក្រាម មានតម្លៃស្មើ៥៥៥លានដុល្លារអូស្រ្តាលី (៣៦២លានដុល្លារអាមេរិក) ដែលត្រូវបានរុំដោយក្រណាត់ប្រវែង២០០ម៉ែត្រ សរុប២០០ផ្ទាំង។

តាមរបាយការណ៍ថ្មីចុងក្រោយរបស់ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាចំណុចគោលដៅមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុប៕