(តេអេរ៉ង់)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) បានប្រកាសនៅថ្ងៃពុធថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ក្នុងការឆ្លើយតបនឹងការវាយប្រហារយោធាថ្មីណាមួយ ហើយបានព្រមានថា ទីក្រុងតេអេរ៉ង់មានសមត្ថភាពវាយបកវិញខ្លាំងជាងអ្វីដែលខ្លួនបានធ្វើក្នុងអំឡុងសង្គ្រាម ១២ថ្ងៃជាមួយអ៊ីស្រាអែលទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក អាលី ខាមេនី បានកោតសរសើរប្រជាជាតិរបស់លោក ដែលហ៊ានប្រឈមមុខនឹង «មហាអំណាចសហរដ្ឋអាមេរិក និងឆ្កែដែលអាមេរិកចិញ្ចឹម គឺរបបស៊ីយ៉ូនីស (អ៊ីស្រាអែល)»។ លោកបានចាត់ទុកការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ព Al Udeid របស់អាមេរិកនៅកាតា ថាជាសញ្ញានៃកម្លាំងរបស់អ៊ីរ៉ង់ និងបានព្រមានថា «ការវាយបកវិញកាន់តែធំ អាចនឹងត្រូវបានធ្វើឡើង»។
គួរបញ្ជាក់ថា ការថ្លែងរបស់លោក អាយ៉ាតូឡា អាលី ខាមេនី ធ្វើឡើងខណៈដែលអ៊ីរ៉ង់កំពុងរងសម្ពាធឲ្យបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ជាមួយនឹងថ្ងៃផុតកំណត់នៅចុងខែសីហា។ ប្រទេសលោកខាងលិចបានព្រមានថា ទណ្ឌកម្មនឹងត្រូវបានដាក់ឡើងវិញ ប្រសិនបើគ្មានកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណា លោក ខាមេនី បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនចូលរួមការទូតក្នុង «ជំហរទន់ខ្សោយ» នោះទេ ខណៈដែលសភាអ៊ីរ៉ង់ក៏បានចេញសេចក្តីថ្លែងការណ៍ជំទាស់នឹងការបន្តកិច្ចចរចាដោយគ្មានលក្ខខណ្ឌផងដែរ៕