ស៊ីរី អះអាងពីការដកកងទ័ពចេញពីទីក្រុងមូលដ្ឋានរបស់ជនជាតិ Druze ក្រោយមានសំណើពីសហរដ្ឋអាមេរិក (Video inside)

17-07-2025 11:05

(ដាម៉ាស)៖ រដ្ឋាភិបាលស៊ីរី បានប្រកាសថាកងទ័ពរបស់ខ្លួនបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ហើយ នៅថ្ងៃពុធ ទី១៦ ខែកក្កដា បន្ទាប់ពីការវាយប្រហារតាម ផ្លូវអាកាសជាបន្តបន្ទាប់របស់អ៉ីស្រាអែលលើរដ្ឋធានីដាម៉ាស និងការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យកងទ័ពស៊ីរីដលចេញពីទីក្រុងភាគខាងត្បូងមួយនេះដែលមាន ជនជាតិ Druze ភាគច្រើនរស់នៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៉ីស្រាអែល និងកំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញជាមួយស៊ីរី បាននិយាយថាកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ដើម្បីស្ដារភាពស្ងប់ស្ងាត់ក្នុងតំបន់។ រដ្ឋាភិបាលស៊ីរីបានប្រកាសពីបទឈប់បាញ់ថ្មីមួយនៅក្នុងទីក្រុង Sweida ដែលនឹងនាំមកនូវការបញ្ឈប់ប្រតិបត្តិការយោធា ក្នុងទីក្រុង មួយនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាដ៏ហិង្សាដែលអង្គការតាមដានស្ថានការណ៍សង្រ្គាមបាននិយាយថាបានសម្លាប់មនុស្សជាង ៣៥០នាក់ ចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន មក។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិស៊ីរី បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពស៊ីរីបានចាប់ផ្ដើមដកចេញពីទីក្រុង Sweida ជាការអនុវត្តតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមួយ ក្រោយការបិទបញ្ចប់ការបោសសម្អាតក្រុមឧទ្ទាមក្រៅច្បាប់ក្នុងទីក្រុង Sweida»។ ប៉ុន្តែ សេចក្ដីថ្លែងការណ៍នេះមិនបានលើកឡើងពីការដក កងកម្លាំងសន្តិសុខមួយចំនួនរបស់រដ្ឋាភិបាល ដែលត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Sweida កាលពីថ្ងៃអង្គារកន្លងទៅនេះនោះទេ។

គួរបញ្ជាក់ថា អ៉ីស្រាអែលដែលមានសហគមន៍ជនជាតិ Druze ក្នុងប្រទេសរបស់ខ្លួនដែរនោះ បានតាំងខ្លួនជាអ្នកការពារសហគមន៍ជនជាតិភាគតិចមួយនេះ បើទោះជា ក្រុមអ្នកវិភាគខ្លះបាននិយាយថាវាគ្រាន់តែជាលេសមួយដើម្បីបន្តគោលដៅយោធារបស់ខ្លួន ក្នុងការរក្សាឱ្យកងកម្លាំងរដ្ឋាភិបាលស៊ីរីស្ថិតនៅឱ្យឆ្ងាយពីតំបន់ព្រំដែនរវាង ប្រទេសទាំង២ក៏ដោយ៕