អ៉ីរ៉ាក់៖ មនុស្សយ៉ាងហោច៦០នាក់ស្លាប់ ក្រោយគ្រោះអគ្គិភ័យលេបត្របាក់ផ្សារទំនើប នៅទីក្រុង al-Kut

17-07-2025 13:58

(បាកដាដ)៖ អាជ្ញាធរនៅប្រទេសអ៉ីរ៉ាក់ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថា គ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង al-Kut ភាគខាងកើតប្រទេស បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់៦០នាក់ ខណៈ១១នាក់ផ្សេងទៀត បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឃ្លីបវីដេអូចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញឱ្យឃើញអគ្គិភ័យលេបត្របាក់អគារកម្ពស់៥ជាន់មួយខ្នង នៅទីក្រុង al-Kut កាលពីវេលាយប់កន្លងទៅ ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមគ្រប់គ្រងនិងពន្លត់វាឱ្យរលត់ទៅវិញ។ មន្រ្តីសុខាភិបាលម្នាក់នៅទីក្រុង al-Kut បានប្រាប់ Reuters ដូច្នេះថា «យើងបានរៀបចំបញ្ជីឈ្មោះជនរងគ្រោះ៥៩នាក់ ដែលអត្តសញ្ញាណត្រូវកំណត់បាន ប៉ុន្តែសាកសពម្នាក់ផ្សេងទៀត បានរងការឆាបឆេះខ្លាំងពេក ដែលពិបាកកំណត់អត្តសញ្ញាណ​ជាខ្លាំង។ លើសពីនេះ នៅមានសាកសពបន្ថែមទៀត ដែលមិនទាន់យកចេញមកបាន នៅឡើយ»

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ INA មូលហេតុនៃគ្រោះអគ្គិភ័យដ៏ធំសម្បើមខាងលើ ភ្លាមៗបែបនេះគឺមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែអភិបាលខេត្ត Wasit បាននិយាយថា លទ្ធផលបឋមនៃការស៉ើបអង្កេតនឹងត្រូវប្រកាសជាសាធារណៈ ក្នុងរយៈពេល៤៨ម៉ោង ហើយបានដាក់ពាក្យបណ្តឹងប្រឆាំងម្ចាស់អគារនិងផ្សារទំនើបកើតហេតុ៕