(ប៉េកាំង)៖ អ្នកវិភាគចិនដែលមានជំនាញលើកិច្ចការនៅតំបន់ឧបទ្វីបកូរ៉េ បានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនថាប្រទេសចិននឹងមិនបោះបង់ចោលកូរ៉េខាងជើងនោះឡើយ ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ខណៈសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ កាន់តែមានសារៈសំខាន់ឡើងថែមទៀតដោយសារតែការខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្រ្កាបឥទ្ធិពលនៃទីក្រុងប៉េកកាំង ដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសិក្ខាសាលាដែលរៀបចំឡើងនៅក្នុងមហាវិទ្យាល័យ Ajou ភាគខាងត្បូងរដ្ឋធានីសេអ៊ូល សាស្រ្តាចារ្យផ្នែកនយោបាយមកពីសកលវិទ្យាល័យចិនលោក Wu Peng បានថ្លែងថា «រហូតមកទល់សព្វថ្ងៃនេះចំណងទាក់ទងរវាងចិន និងកូរ៉េខាងត្បូងមានភាពប្រសើរជាងមុន រីឯវិបត្តិអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េបានកើនឡើងជាបន្តបន្ទាប់ ហើយជាងនេះទៅទៀតមនុស្សមួយចំនួននៅក្នុងប្រទេសយើងថែមទាំងបានលើកឡើងពីការបោះបង់ចោលបញ្ហាកូរ៉េខាងជើងទៀតផង»។
យ៉ាងណាមិញលោកសាស្រ្តាចារ្យបានគូសបញ្ជាក់ថា «បើនិយាយពីទីតាំងភូមិសាស្រ្តវិញអ្នកគួរតែចងចាំថាប្រទេសកូរ៉េខាងជើងប្រៀបដូចជាជញ្ជាំងសុវត្ថិភាព និងតំបន់យុទ្ធសាស្រ្តមួយសម្រាប់ប្រទេសចិនអ៊ីចឹង ហើយអំណោយផលនៃយុទ្ធសាស្រ្តនេះហើយ ដែលចិនកាន់តែឲ្យតម្លៃបន្ថែមទៀតស្របពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមបន្សាបឥទ្ធិពលរបស់ចិនដូច្នេះចិនទំនងជានឹងមិនបោះបង់កូរ៉េខាងជើងនោះឡើយ»។ ប្រការនេះសបញ្ជាក់ឲ្យឃើញថាប្រទេសកូរ៉េខាងជើង ជាសម្ព័ន្ធមិត្តរបស់ចិនដែលមិនអាចកាត់ផ្តាច់បានខាងផ្នែកភូមិសាស្ត្រ៕