(ហុងកុង)៖ មហាអំណាចចិន បានព្រមានថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ អាចបង្កបញ្ហារហូតលែងអាចគ្រប់គ្រងបាន ខណៈដែលប្រទេស កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងនុយក្លេអ៊ែរគ្រប់ពេល ហើយកងនាវាសហរដ្ឋអាមេរិក កំពុងត្រូវបានដាក់ពង្រាយនៅក្បែរឧបទ្វីប នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន New York Times ចេញផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង កំពុងបង្កើនឥរិយាបទផ្គើនចំពោះគ្នាទៅវិញទៅមក ហើយបញ្ហាកំពុងតែកើតឡើងជាលំដាប់។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេស ចិន លោក Wang Yi ថ្លែងក្នុងទីក្រុង ប៉េកាំង។ លោកបន្តថា «ប្រសិនបើពួកគេអនុញ្ញាតឱ្យសង្គ្រាមផ្ទុះឡើង នៅឧបទ្វីបកូរ៉េ ពួកគេត្រូវទទួលខុសត្រូវទៅលើអ្វីដែលបានកើតឡើង។
សូមជំរាបបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧នេះ ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមធ្វើព្យុហយាត្រាយោធាដ៏ធំសម្បើម សម្រាប់ខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដោយមានការដង្ហែជាក្បួនមានទាំងកម្លាំងយោធាចំរុះ និងសព្វាវុធទំនើបៗ ព្រមទាំងមានការចូលរួមដោយផ្ទាល់ពី មេដឹកនាំកំពូលគីម ជុងអ៊ុន។
នៅថ្ងៃទី១៦ ស្អែកដែលជាថ្ងៃធំ ត្រូវនឹងខួបកំណើតទី ១០៥ឆ្នាំ នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នោះ អ្នកវិភាគជាច្រើន ដែលទទួលបានព័ត៌មានសម្ងាត់ ពីកូរ៉េខាងជើង និងការវិភាគដោយរូបភាពពីប្រព័ន្ធផ្កាយរណបឲ្យដឹងថា លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំត្រូកូល គីម ជំនាន់ទី៣ នឹងបញ្ជាឲ្យបំផ្ទុះសាកល្បង អាវុធនុយក្លេអ៊ែរ ជាលើកទី៦ ហើយបើពិតជាដូច្នោះមែននោះ វានឹងក្លាយជាទង្វើប្រឆាំងច្បាប់អន្តរជាតិបន្ថែមទៀតជាក់ជាមិនខាន ហើយអាមេរិកដែលកំពុងដើរតួជាអ្នកបញ្ជាឲ្យគ្រប់គ្នា គោរពច្បាប់អន្តរជាតិនោះ ក៏នឹងប្រាកដជាមិនអាចនៅស្ងៀមទៀតដែរ៕