(ឡុងដ៍)៖ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Cambridge បានរកឃើញផ្កាយដ៏ជាងតូចជាងគេបំផុត ដែលមានវាទំហំធំជាងភពសៅរ៍ (Saturn) ក៏ប៉ុន្តែតូចជាងភពព្រហស្បតិ៍ (Jupiter) ហើយមានកម្លាំងទំនាញខ្លាំងជាង ៣០០ដង បើធៀបនឹងភពផែនដី និង ១១ដង បើធៀបទៅនឹងព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។
ផ្កាយខាងលើត្រូវបានគេដាក់ឈ្មោះឲ្យថា EBLM J0555-57Ab ដែលនៅចម្ងាយប្រហែល ៦០០ឆ្នាំពន្លឺពីយើង គឺស្ថិតក្នុងផ្នែកនៃប្រព័ន្ធតារា Binary មួយ (ប្រព័ន្ធផ្កាយពីរ)។ ផ្កាយនេះមានទំហំតូចខ្លាំង រហូតធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេស អាចរកឃើញវាបាន តែនៅពេលដែលវាហោះឆ្លងកាត់ពីមុខផ្កាយមួយទៀត ដែលមានទំហំធំ និងភ្លឺជាងវាប៉ុណ្ណោះនៅក្នុងវីធីសាស្រ្តមួយមានឈ្មោះថា «Astronomical Transit» ដែលជាទូទៅត្រូវបានប្រើប្រាស់សម្រាប់ការស្វែងរកព្រះច័ន្ទ និងភពនានាទៅវិញទេ មិនមែនផ្កាយនោះឡើយ។
យ៉ាងណាមិញ វាទំនងជាមិនអាចទៅរួចនោះឡើយសម្រាប់ក្រុមតារាវិទូ ក្នុងការស្វែករកឃើញផ្កាយមួយ ដែលមានទំហំតូចជាង EBLM ទៀតនោះ។ តាមនិយមន័យ ផ្កាយត្រូវតែមានម៉ាស់គ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យមានប្រតិកម្ម Fusion Reaction ដែលបំឡែងអ៊ីដ្រូសែនទៅជាអេល្យ៉ូម។ ផ្កាយដែលមានម៉ាស់ប្រហាក់ប្រហែល តែមានទំហំតូចជាងផ្កាយដ៏ហាប់ណែន EBLM នោះ នឹងក្លាយទៅជាផ្កាយមិនពេញលក្ខណៈ Brown Dwarf Star មួយជាក់ជាពុំខាន។
គួរបញ្ជាក់ថា EBLM ដំបូងឡើយត្រូវបានគេជឿជាក់ថា គ្រាន់តែជាភពធំមួយប៉ុណ្ណោះ ប៉ុន្តែក្រោយពីការពិនិត្យបុគ្គលិកលក្ខណៈទូទៅ ទើបវាត្រូវបានតម្លើងតំណែងទៅជាផ្កាយទំហំតូចបំផុតទៅវិញ៕