(ប៉េកាំង)៖ ក្រុមហ៊ុនលក់ឥវ៉ាន់អនឡាញដ៏ធំរបស់ចិន «អាលីបាបា ()» របស់កំពូលមហាសេដ្ឋី Jack Ma នោះបានប្រកាសថា ខ្លួនបានប្រើប្រាស់យន្តហោះដ្រូន ដើម្បីធ្វើការដឹកជញ្ជូនកញ្ចប់ទំនិញ ឆ្លងកាត់ផ្ទៃសមុទ្រជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រុមហ៊ុនធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះ បានឲ្យដឹងថា យន្តហោះដ្រូនចំនួន ០៣គ្រឿង ដែលផ្ទុកប្រអប់ទំនិញសរុប ០៦ដុំ ទម្ងន់ប្រមាណ ១២គីឡូក្រាម បានហោះចេញពីក្រុង Putian ក្នុងខេត្ត Fujian ភាគខាងកើតចិន ឆ្ពោះទៅកាន់កោះ Meizhou ដែលនៅក្បែរនោះកាលពីថ្ងៃទី៣១ ខែតុលាកន្លងទៅ។
គួរបញ្ជាក់ថា ដោយហោះឆ្លងកាត់កម្លាំងខ្យល់បក់ដ៏ខ្លាំងៗ យន្តហោះដ្រូនទាំង ០៣ ខាងលើ បានចំណាយពេល ០៩នាទី ក្នុងការធ្វើដំណើរចម្ងាយ ០៥គីឡូម៉ែត្រនេះ ហើយយន្តហោះនីមួយៗ មានសមត្ថភាពផ្ទុកទំនិញបាន ០៧គីឡូក្រាម។ ក្រុមហ៊ុន Alibaba គ្រោងនឹងប្រើប្រាស់យន្តហោះដ្រូន ដើម្បីដឹកជញ្ជូនផលិតផលសំខាន់ៗមួយចំនួនទៀត រួមមានអាហារស្រស់ និងបរិក្ខាវេជ្ជសាស្រ្តជាដើម ឆ្លងកាត់ផ្ទៃទឹកក៏ដូចជាសមុទ្រ នាពេលអនាគត៕