(ម៉ិចស៊ីកូស៊ីធី)៖ រដ្ឋាភិបាលម៉ិចស៊ីកូ បានសាងសង់ឧទ្យានសមុទ្រដ៏ធំព័ទ្ធជុំវិញប្រជុំកោះមួយក្រុម ដែលជាទីជម្រក នៃពពួកសត្វសមុទ្រជាច្រើនប្រភេទរស់នៅ រួមមានទាំងបបែល ត្រីបាឡែន និងកន្ធាយជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
ប្រជុំកោះខាងលើមានឈ្មោះថា Revillagigedo Archipelago ដែលនៅក្បែរឆ្នេរភាគអាគ្នេយ៍ នៃប្រទេសម៉ិចស៊ីកូ ហើយជាមួយតំបន់ការពារលាតសន្ធឹងដល់ទៅ ១៥០,០០០គីឡូម៉ែត្រក្រឡា វាបានក្លាយជាឧទ្យានអភិរក្សធនធានមហាសមុទ្រ ដ៏ធំជាងគេបង្អស់ប្រចាំនៅតំបន់អាមេរិកខាងជើង។
គួរជម្រាបថា ចំណាត់ការខាងលើមានន័យថា រាល់សកម្មភាពនេសាទទាំងអស់ នឹងត្រូវបានហាមឃាត់ ហើយតំបន់នេះនឹងត្រូវយាមល្បាតជាប្រចាំដោយ នាវាកងទ័ពជើងទឹកម៉ិចស៊ីកូ។ ប្រទេសម៉ិចស៊ីកូ គឺជាប្រទេសស្ថិតនៅតំបន់ជិតអេក្វាទ័រផង និងក្នុងតំបន់ត្រូពិច ដែលជាទីតាំងមានសក្តានុពលខាងធនធានធម្មជាតិ ទាំងលើគោក និងក្រុមទឹកតែម្តង៕