(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ឆេះគ្រឿងម៉ាស៊ីនរុញច្រាន ដែលបំពាក់នៅលើយានអវកាស Voyager 1 ជាដើមដំបូងក្នុងពេល ៣៧ឆ្នាំ បានកន្លងទៅនេះ ហើយវត្ថុបង្កើតដោយមនុស្សតែមួយគត់ នៅតំបន់ក្រៅប្រព័ន្ធព្រះអាទិត្យនេះ ពោលគឺចម្ងាយប្រមាណជិត ២១ពាន់លានគីឡូម៉ែត្រ ពីផែនដីនោះ បានឆ្លើបតបយ៉ាងល្អឥតខ្ចោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០១៧។
បើតាមអង្គការ NASA អំឡុងពេលជាច្រើនឆ្នាំមកនេះ យានអវកាស Voyager 1 បាននិងកំពុងប្រើប្រាស់ឧបករណ៍តូចៗ ដែលហៅថា «ម៉ាស៊ីនគ្រប់គ្រងរយៈកម្ពស់» ដើម្បីទប់ចលនា និងតម្រង់ទិសរបស់វា ដើម្បីអាចឲ្យយានអវកាសនេះ ធ្វើការទាក់ទងជាមួយផែនដីបានក៏ប៉ុន្តែម៉ាស៊ីនរុញច្រាននេះ បានបន្តធ្លាក់ចុះសមត្ថភាពចាប់តាំងតែពីឆ្នាំ២០១៤ម្ល៉េះ។
ក្រុមការងារនៃបេសកកម្ម Voyager បានប្រមែប្រមូលក្រុមអ្នកជំនាញមួយក្រុម ដើម្បីសិក្សាទៅលើបញ្ហានេះ ហើយបានព្រមព្រៀងគ្នាលើដំណោះស្រាយមិនធម្មតាមួយ ដែលនឹងព្យាយាមផ្តល់ឱកាស នៃទប់ចលនា និងតម្រង់ទិសនេះ ទៅឲ្យម៉ាស៊ីនរុញច្រានបម្រុងចំនួន ០៤គ្រឿង ដែលត្រូវបានផ្អាកដំណើរការចាប់តាំងពីឆ្នាំ១៩៨០មក។
នាសប្តាហ៍នេះ ក្រុមវិស្វកររបស់ Voyager បានបញ្ជូនបញ្ជាមួយដើម្បីបញ្ឆេះម៉ាស៊ីនរុញច្រាន «កែតម្រូវទិសធ្វើចលនា ឬ TCM» ហើយវាបានប្រើពេល ១៩ម៉ោង និង៣៥នាទី ដើម្បីឲ្យលទ្ធផលនៃការធ្វើតេស្តនេះ មកដល់ចានតេឡេស្កូបនៅមូលដ្ឋាន Goldstone នៃរដ្ឋកាលីហ្វរញ៉ា។ លទ្ធផលនៃការសាកល្បងនេះ បានបង្ហាញថា ម៉ាស៊ីន TCM បានដំណើរការយ៉ាងល្អឥតខ្ចោះ ដូចទៅនឹងម៉ាស៊ីនគ្រប់គ្រងរយៈកម្ពស់អ៊ីចឹងដែរ។
ទន្ទឹមនឹងនេះ ផែនការទៅមុខទៀតនោះគឺថា ផ្លាស់ប្តូរទៅប្រើប្រាស់ម៉ាស៊ីន TCM ជាអចិន្រ្តៃយ៍នៅខែមករាខាងមុខ។ ប្រធានគម្រោង Voyager លោកស្រី Suzanne Dodd បានថ្លែងថា «ដោយម៉ាស៊ីនរុញច្រានទាំងនេះ នៅតែដំណើរការយ៉ាងល្អ ទោះបីជាមិនធ្លាប់បានប្រើប្រាស់អស់ ៣៧ឆ្នាំ ក៏ដោយនោះ យើងនឹងអាចពន្យាអាយុជីវិតរបស់យាន Voyager 1 បាន០២ ឬក៏០៣ឆ្នាំទៀត»។ ក្រៅពីនេះ NASA ក៏បានឲ្យដឹងបន្ថែមថា ខ្លួនទំនងជានឹងធ្វើតេស្តស្រដៀងគ្នានេះ ទៅលើម៉ាស៊ីន TCM របស់ Voyager 2 ជាយានអវកាសភ្លោះរបស់ Voyager 1 ផងដែរ។
គួរជម្រាបថា Voyager 2 ក៏កំពុងស្ថិតនៅលើគន្លងផ្លូវ ឆ្ពោះទៅកាន់តំបន់ក្រៅប្រព័ន្ធព្រះអាទិត្យ ឬចន្លោះផ្កាយផងដែរ (Interstellar Space) នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ហើយបច្ចុប្បន្ននេះម៉ាស៊ីនរុញច្រានគ្រប់គ្រងរយៈកម្ពស់របស់វា កំពុងតែនៅដំណើរការល្អដូចធម្មតា។ Voyager 1 និង Voyager 2 ត្រូវបានបាញ់បង្ហោះខុសត្រូវគ្នា ១៦ថ្ងៃ កាលពីឆ្នាំ១៩៧៧ ហើយយាន Voyager 1 បានទៅដល់ Interstellar Space កាលពីឆ្នាំ២០១២៕