(សេអ៊ូល)៖ យន្ដហោះទម្លាក់​គ្រាប់បែក​អាមេរិកធុន B-1B និងយន្ដហោះ​ចម្បាំងបំបាំងកាយ F-22 Raptor បានធ្វើសមយុទ្ធ​យោធាទម្លាក់គ្រាប់បែក នៅលើទឹកដី​កូរ៉េខាងត្បូង ក្រោមការ​ឃ្លាំមើល​យ៉ាងយកចិត្តទុកដាក់​ពីកូរ៉េខាងជើង ដែលតែងតែព្រមាន​ចាត់វិធានការ និងចាត់ទុកថា សមយុទ្ធរបៀប​នេះ គឺជាសកម្មភាព​ត្រៀមឈ្លានពាន​ទីក្រុង​ព្យុងយ៉ាង។ នេះ​បើតាមយោធា​កូរ៉េខាងត្បូង ដកស្រង់​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមយោធា​កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ​យន្ដហោះទម្លាក់​គ្រាប់បែក B-1B និងយន្ដហោះ​ចម្បាំង F-22 Raptor បានធ្វើសមយុទ្ធ​យោធាហោះហើរ និងទម្លាក់គ្រាប់បែក នៅឯ​មូលដ្ឋានទ័ព Pilsung ស្ថិតនៅ​ក្នុងខេត្ត Gangwon ប្រទេស​កូរ៉េខាងត្បូង ជាមួយយន្ដហោះ​ចម្បាំងជាច្រើន​ទៀត នៃយោធា​អាមេរិក និងកូរ៉េខាងត្បូង​មាន​ដូចជា F-35, F-16, F-15K, KF-16។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួន យោធាកូរ៉េខាងត្បូង​បានឱ្យដឹង​យ៉ាងដូច្នេះថា «តាមរយៈការ​ធ្វើសមយុទ្ធ​យោធា​នេះ កងកម្លាំង​ទ័ពអាកាស​កូរ៉េខាងត្បូង និងអាមេរិក បានបង្ហាញពីឆន្ទៈយ៉ាង​ម៉ឺងម៉ាត់ និងសមត្ថភាព​យោធា​ប្រទេស​ទាំងពីរ ក្នុងការធ្វើប្រតិកម្ម​ឆ្លើយតបភ្លាមៗ ទៅនឹងការគំរាមកំហែង​ពីសំណាក់​អាវុធ​នុយក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់ កូរ៉េខាងជើង»។

គួរបញ្ជាក់ថា សមយុទ្ធយោធារបស់​យន្ដហោះទម្លាក់គ្រាប់បែក​អាមេរិក​ធុន B-1B និងយន្ដហោះចម្បាំង​បំបាំងកាយ F-22 Raptor ធ្វើឡើងនៅក្រោម​ក្របខណ្ឌនៃសមយុទ្ធយោធា អាកាសទ្រង់ទ្រាយធំ​ឈ្មោះ Vigilant ACE រវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ សមយុទ្ធយោធានេះ​បានចាប់ផ្ដើមកាលពី​ថ្ងៃចន្ទ និងមានរយៈពេល ០៥ថ្ងៃ ដោយមានការចូល រួមពីយោធា​អាមេរិក ១២,០០០នាក់ និងយន្ដហោះចម្បាំង ២៣០គ្រឿង៕

https://s3.reutersmedia.net/resources/r/?m=02&d=20171206&t=2&i=1212563700&r=LYNXMPEDB507O&w=1280

https://s2.reutersmedia.net/resources/r/?m=02&d=20171206&t=2&i=1212563694&r=LYNXMPEDB507I&w=940