(អាមេរិក)៖ ច្រើនជាង ២៥ភាគរយ នៃផ្ទៃដីសរុបបច្ចុប្បន្នលើភពផែនដីយើងនេះ អាចជួបភាពស្ងួតហួតហែងកាន់តែខ្លាំងថែមទៀត ប្រសិនបើកម្រិតនៃការកើនឡើងកម្តៅពិភពលោក កើនសីតុណ្ហភាព ០២អង្សាសេបន្ថែម ដែលវាគឺជាការព្រមានដ៏គួរឲ្យព្រួយបារម្ភថ្មីមួយទៀត ជុំវិញបញ្ហាបម្រែបម្រួលអាកាស សម្រាប់ស្វាគមន៍ឆ្នាំថ្មី២០១៨ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០២ ខែមករា ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវនៃការសិក្សាថ្មីខាងលើ បានការត្រួតពិនិត្យទៅលើគំរូអាកាសចំនួន ២៧ ខុសៗគ្នា ដើម្បីកំណត់ថា តើតំបន់ណាខ្លះនៅជុំវិញពិភពលោក ដែលកម្រិតស្ងួតហួតហែង មានការផ្លាស់ប្តូរប្រែប្រួលខ្លាំងជាងរាល់ដង នៅពេលដែលសីតុណ្ហភាពនៃការកើនឡើងកម្តៅសកល ឈានដល់ ១.៥អង្សាសេ ក៏ដូចជា ០២អង្សាសេនោះ។
ពួកគេបានរកឃើញថា ការប្រែប្រួលនៅក្នុងសីតុណ្ហភាពពិភពលោក អាចបង្កើនការគម្រាមកំហែង នៃគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ប្រសិនបើគោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស នឹងត្រូវសម្រេចបានទេនោះ។ កិច្ចព្រមព្រៀងអន្តរជាតិនេះ ដែលបានចូលជាធរមានកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអំពាវនាវដល់ប្រទេសទាំងឡាយ រួមកម្លាំងគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យបញ្ហាបម្រែបម្រួលនៃសីតុណ្ហភាពភពផែនដី ស្ថិតនៅក្រោម ០២អង្សាសេ។
គួរជម្រាបថា បើតាមការព្យាករណ៍របស់ក្រុមអ្នកស្រាវជ្រាវខាងលើ ជាង ២០ភាគរយ ទៅ ៣០ភាគរយ នៃផ្ទៃដីរបស់ពិភពលោក អាចក្លាយជាដីដែលស្ងួតសោះកក្រោះ នៅពេលដែលការប្រែប្រួល នៃសីតុណ្ហភាពសកលឈានដល់ ០២អង្សាសេ។ ក៏ប៉ុន្តែពួកគេជឿជាក់ថា ពីរភាគបីនៃតំបន់ដែលទទួលរងផលប៉ះពាល់ ក៏អាចជៀសវាងការស្ងួតហួតហែងខ្លាំងបានផងដែរ ប្រសិនបើបម្រែបម្រួលសីតុណ្ហភាព ត្រូវដាក់កំហិតឲ្យនៅត្រឹម ១.៥អង្សាសេ៕