(បរទេស)៖ នៅយប់រំលងអធ្រាត្រថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤១ កំពូលនាវាចម្បាំងដ៏អស្ចារ្យមួយគ្រឿងរបស់អាល្លឺម៉ង់ឈ្មោះ «Bismarck» បាន ចល័ត ចូលទៅសមុទ្របាល់ទិច ដោយស្ងាត់ៗ ដើម្បីបំពេញបេសកកម្មលើកដំបូងរបស់ខ្លួន។ នាវាចម្បាំងនេះគឺជាប្រភេទ Battleship ដែលមានវត្តមានតែក្នុងសម័យសង្រ្គាមលោកប៉ុណ្ណោះ ដោយបច្ចុប្បន្នគឺលែងមាននាវាចម្បាំងប្រភេទនេះទៀតហើយ។
ជាមួយការអមដំណើរដោយនាវាចម្បាំងមួយគ្រឿងទៀតធុន Heavy Cruiser ឈ្មោះ «Prinz Eugen» នាវាចម្បាំងដ៏ធំបំផុតនាសម័យនោះ Bismarck មានគោលដៅឆ្ពោះទៅឲ្យដល់កណ្តាលមហាសមុទ្រអាត្លង់ទិច ក្នុងបេសកកម្មសម្ងាត់មួយមានឈ្មោះសម្គាល់ថា Operation Rheinubung ដើម្បីវាយប្រហារលើក្បួននាវាដឹកទំនិញដូចជាប្រេង ស្បៀងអាហារ និងសម្ភារផ្គត់ផ្គង់ដទៃទៀត ដែលធ្វើដំណើររវាង សហរដ្ឋ អាមេរិកនិងចក្រភពអង់គ្លេស។ មេដឹកនាំអាល្លឺម៉ង់សង្ឃឹមថា ការធ្វើបែបនេះនឹងផ្តាច់ដង្ហើមរបស់ចក្រភពអង់គ្លេស ហើយបង្ខំឲ្យ អង់គ្លេស ចុះចាញ់។
មិនយូរប៉ុន្មានអង់គ្លេសក៏បានដឹងពីផែនការធ្វើដំណើររបស់ នាវាចម្បាំងអាល្លឺម៉ង់ដែលកំពុងសំដៅទៅរកកណ្តាលមហាសមុទ្រអាត្លង់ទិច ដើម្បីឆ្មក់វាយប្រហារលើ ក្រុមនាវាដឹកជញ្ជូនទំនិញ។ អង់គ្លេសបានបញ្ជូននាវាចម្បាំងមួយចំនួនរបស់ខ្លួនភ្លាមៗ ឲ្យទៅតាមប្រមាញ់ Bismarck ព្រោះថាបើបណ្តោយឲ្យនាវាចម្បាំងអាល្លឺម៉ង់ចូលទៅដល់កណ្តាលមហាសមុទ្រអាត្លង់ធ៏ធំមហាសាល គឺច្បាស់ជានឹងពិបាកតាមរកវាណាស់។ នាវាចម្បាំង ដែលអង់គ្លេសបបញ្ជូនឲ្យតាមរក Bismarck រួមមាននាវា ចម្បាំងធុន Battleship ដែលទើបត្រូវបានដាក់ឲ្យដំណើរការថ្មីៗឈ្មោះ HMS Prince of Wales និងធុន Battlecruiser (ស្រដៀង Battleship ដែរ) ឈ្មោះ HMS Hood ដែលជានាវាចម្បាំងតំណាងឲ្យមុខមាត់របស់កងទ័ពជើងទឹក អង់គ្លេសទាំងមូល។
នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែឧសភា នាវាចម្បាំងទាំងពីរគ្រឿងរបស់ចក្រភពអង់គ្លេស ក៏បានជួបក្រុមនាវាចម្បាំងអាល្លឺម៉ង់ នៅឯច្រកសមុទ្រ ដាណឺម៉ាក (Denmark Strait) ចន្លោះកោះគ្រីនលែន និងប្រទេសអ៉ីស្លង់ (Icecland)។ ស្ថិតនៅចម្ងាយជាង២០គីឡូម៉ែត្រ ពីគ្នា នាវាចម្បាំង Hood ក៏បានបើកការបាញ់ប្រហារមុន ប៉ុន្តែខុសនាវាចម្បាំងអាល្លឺម៉ង់។ ខាងនាវាចម្បាំងអាល្លឺម៉ង់ Bismarck និង Prinz Eugen បានតបតវិញ ដោយនាវាចម្បាំងសរុបទាំង៤គ្រឿង បានផ្លោងគ្រាប់ដាក់គ្នាលាន់សូរដូចរន្ទះអស់រយៈពេលប៉ុន្មាននាទី រហូតទាល់តែគ្រាប់របស់ Bismarck ទម្លុះចូលជ្រៅចំកន្លែងផ្ទុក គ្រាប់របស់ Hood ធ្វើឲ្យនាវាចម្បាំងអង់គ្លេសមួយគ្រឿងនោះផ្ទុះឆេះ និងដាច់ជាពីរកំណាត់ហើយលិចចូលក្នុងផ្ទៃ ទឹកបាត់។
ក្នុងចំណោមនាវិកទាំង១,៤២១នាក់របស់នាវាចម្បាំង Hood មាន៣នាក់ប៉ុណ្ណោះ ដែលត្រូវបានស្រង់ចេញពីទឹកដោយនៅមានជីវិត។ ទោះ បាត់បង់ដៃគូក៏ដោយ នាវាចម្បាំង Prince of Wales បានបន្តប្រយុទ្ធគ្នាជាមួយនាវាចម្បាំងអាល្លឺម៉ង់ដដែល ក៏ប៉ុន្តែដោយសារពីរទល់នឹងមួយហើយរង ការខូចខាតធ្ងន់គួរសម Prince of Wales ក៏បានដកថយ។
ចំណែកនាវាចម្បាំងអាល្លឺម៉ង់ Bismarck ក៏បានរងការវាយប្រហារត្រូវយ៉ាងដំណំផងដែរ ដោយមានការលិចទឹកចូលនាវា និងហៀរប្រេង។ ហេតុដូច្នេះ ខ្លួនក៏បានសម្រេចមិនតាមនាវាចម្បាំងអង់គ្លេស Prince of Wales ឡើយ ហើយចែកផ្លូវពី Prinz Eugen ឆ្ពោះទៅកំពង់ផែនៅប្រទេសបារាំងវិញ ដែលពេលនោះស្ថិតក្រោមការ គ្រប់គ្រង់របស់អាល្លឺម៉ង់។
រីឯចក្រភពអង់គ្លេស ដើម្បីសងសឹកឲ្យនាវាចម្បាំង Hood ដែលត្រូវបានបាញ់ពន្លិច ក៏បានបញ្ជានាវាចម្បាំងទាំងអស់រាប់សិបគ្រឿងរបស់ ខ្លួនឲ្យទៅប្រមាញ់ និងបាញ់ពន្លិច Bismarck ឲ្យបាន មុនពេលវាទៅដល់កន្លែងសុវត្ថិភាព។ នៅថ្ងៃទី២៦ ខែឧសភា ដោយតាម Bismarck នៅតែមិនទាន់ ហើយសល់តែខ្ទង់កន្លះថ្ងៃទៀត វានឹងចូលដល់តំបន់សុវត្ថិភាព គឺក្រោមការការពារពីក្រុមនាវាមុជទឹក U-Boat និងយន្តហោះ ចម្បាំង Luftwaffe របស់អាល្លឺម៉ង់ អង់គ្លេសបានសម្រេចឲ្យនាវាដឹកយន្តហោះចម្បាំងមួយគ្រឿងឈ្មោះ HMS Ark Royal ដែលស្ថិតនៅក្បែរឧបទ្វីប Iberian Peninsula (ប្រទេសព័រទុយហ្គាល់ និងអេស៉្បាញ) ចល័តយន្តហោះទម្លាក់គ្រាប់បែក ដើម្បីទៅស្កាត់វាយប្រហារ Bismarck ។
ដំបូងក្រុមយន្តហោះទម្លាក់គ្រាប់បែករបស់នាវា Ark Royal បានវាយប្រហារច្រឡំគោលដៅ គឺស្មានតែនាវាចម្បាំងអង់គ្លេសមួយគ្រឿងឈ្មោះ HMS Sheffield ជានាវាចម្បាំងអាល្លឺម៉ង់ Bismarck ប៉ុន្តែសំណងល្អប្រភេទក្បាលគ្រាប់ដែលប្រើពេលនោះ មិនបានផ្ទុះ។ បន្ទាប់ពី មកប្តូរ ក្បាលគ្រាប់ថ្មីនៅនាវា Ark Royal ទីបំផុត ក្រុមយន្តហោះដដែលក៏បានរកឃើញនាវាចម្បាំងអាល្លឺម៉ង់ ហើយចាប់ផ្តើមទម្លាក់គ្រាប់បែករត់ក្រោម ទឹកឆ្ពោះទៅរក Bismarck។
កំឡុងការវាយប្រហារនោះ Bismarck ក៏ត្រូវបានបាញ់ចំត្រង់កន្ទុយដែលគ្មានការការពារ ដែលជាហេតុធ្វើឲ្យនាវាចម្បាំងនេះកាច់ចង្កូតលែងកើត បាន ត្រឹមធ្វើដំណើរក្នុងលក្ខណៈជារង្វង់តែប៉ុណ្ណោះ។ ដោយមិនអាចទៅណាទៀតបាន នាវាចម្បាំង Bismarck ត្រូវនៅតែលតោល ពេញមួយយប់នៅកណ្តាលសមុទ្រ ក្រោមការឡោមព័ទ្ធវាយប្រហារចុះ-ឡើងៗពីសំណាក់ក្រុមនាវាចម្បាំងធុន Destroyer របស់ចក្រភពអង់គ្លេស។
រហូតមកដល់ព្រឹកថ្ងៃទី២៧ ខែឧសភា ក្រុមនាវាចម្បាំងអង់គ្លេស រួមមាននាវាចម្បាំងធុន Battleship ចំនួនពីរគ្រឿងឈ្មោះ HMS Rodney និង HMS King George V ក៏បានចូលទៅក្បែរដើម្បីវាយប្រហារសង្រ្គប់លើ Bismarck។ នៅពេលនោះ Bismarck បានព្យាយាមតដៃវិញដែរ ប៉ុន្តែ ប្រព័ន្ធសព្វាវុធរបស់វាពិបាកក្នុងការតម្រង់ ដោយសារតែកាច់ចង្កូតលេងកើត។
ប៉ុន្មានម៉ោងក្រោយមកកាំភ្លើងធំរបស់ Bismarck បានចាប់ផ្តើមខូចខ្ទេចម្តងមួយៗរហូតដល់លែងមានមួយណាដំណើរការបានត ទៀត។ នាវាចម្បាំង King George V ក៏បានរំកិលចូលទៅកាន់តែកៀក ដើម្បីបន្តបាញ់រះទៅលើ Bismarck ហើយនាវាចម្បាំងអង់គ្លេសធុន Heavy Cruiser ២គ្រឿងផ្សេងទៀតឈ្មោះ HMS Norfolk និង HMS Dorsetshire ក៏បានចូលរួមការវាយប្រហារលើនាវាចម្បាំងអាល្លឺម៉ង់ដែរ ។
ប៉ុន្មានម៉ោងកន្លងផុតទៅថែមទៀត Bismarck រងការខូចខាតសុះពេញខ្លួន ដោយមានភ្លើងឆេះហុយផ្សែងទ្រលោមជាច្រើនកន្លែង ហើយ មេបញ្ជាការនិងនាវិករាប់រយនាក់ ក៏បានស្លាប់ពេលនោះផងដែរ។ សរុបជារួម ក្រុមនាវាចម្បាំងអង់គ្លេសបានចំណាយជិត៣,០០០គ្រាប់ ដើម្បីវាយប្រហារ លើ Bismarck បើទោះបីជាគ្រាប់ទាំងនោះមិនត្រូវ Bismarck ទាំងអស់ក៏ដោយ គឺវាត្រូវភាគច្រើន តែនាវាចម្បាំង អាល្លឺម៉ង់ មួយនេះ នៅតែមិនទាន់លិចឡើយ។
ទីបំផុតនាវាចម្បាំង Heavy Cruiser ត្រូវបានបញ្ជាឲ្យបាញ់ពន្លិច Bismarck ។ Bismarck ត្រូវមីស៉ីលប្រភេទរត់ក្រោមទឹក៤គ្រាប់បាញ់ចំ នៅចម្ងាយជិត ទើបវាព្រមលិចចូលទៅក្នុងផ្ទៃសមុទ្រ។ ក្នុងចំណោម នាវិកជាង២,២០០នាក់នៅលើ នោះ ក្រុមនាវាអង់គ្លេសជួយសង្រ្គោះ អ្នកមានជីវិតបានត្រឹមជាង១១០នាក់ ព្រោះមានការប្រកាសអាសន្នអំពីនាវាមុជទឹករបស់អាល្លឺម៉ង់។
គួរជម្រាបថា រយៈពេលមិនដល់១០ថ្ងៃក្រោយការចាប់ផ្តើមបេសកកម្មលើកដំបូងរបស់វា កំពូលនាវាចម្បាំងអាល្លឺម៉ង់ Bismarck ត្រូវស្ថិតនៅក្រោមបាតមហាសមុទ្រអាត្លង់ទិច៕